ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង ប្ដេជ្ញាបោសសម្អាត បទល្មើសបច្ចេកវិទ្យា និងត្រៀមអបអរ «ស្ទឹងត្រែងសង្ក្រាន្ត ២០២៦»

ខេត្តស្ទឹងត្រែង ÷ រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងគោលដៅពង្រឹងសន្តិសុខ និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញឱ្យអស់ពីមូលដ្ឋាន ស្របពេលដែលខេត្ត កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៦»។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកអភិបាលបានសង្កត់ធ្ងន់ថា ការលុបបំបាត់បទល្មើសអនឡាញគឺជា «អាទិភាពខ្ពស់បំផុត»។
លោកអភិបាលខេត្ត បានជំរុញឱ្យកងកម្លាំងចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងមិនត្រូវឱ្យមានការងើបឡើងវិញជាដាច់ខាត ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងការត្រៀម រៀបចំសង្ក្រាន្តយ៉ាងអធិកអធម រដ្ឋបាលខេត្តក៏បន្តយកចិត្តទុកដាក់លើការបង្ក្រាបគ្រឿងញៀន និងក្មេងទំនើង ដើម្បីជំរុញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ៖ «យើងត្រូវស្រុះដៃគ្នាធានាថា ស្ទឹងត្រែងជាខេត្តដែលមានសន្តិសុខល្អ និងផ្តល់ភាពកក់ក្តៅបំផុត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ»៕ដោយដើមអំពិលស្ទឹងត្រែង

To Top