ក្រសួងមហាផ្ទៃ ៖ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជាង ៦សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៦សែន១ម៉ឺននាក់ ឬជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញ តាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។
ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក សកម្មភាព មិនស្មោះត្រង់ របស់ភាគីថៃ ទន្ទឹមគ្នា នឹងការបន្តយកចិត្តទុកដាក់ ដោះស្រាយផលប៉ះពាល់ លើប្រជាពលរដ្ឋនិងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋ ដែលនៅពុំទាន់អាចវិលត្រឡប់ ទៅលំនៅឋានវិញបាន។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ៣៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ ។ នៅមានពលរដ្ឋចំនួន៣៦.២៨២នាក់ទៀត (ស្រ្តី១៨.៧៨៦នាក់ និងកុមារ ១២.២៧៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
