ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ សិស្សត្រូវបានបង្រៀន ឱ្យមានម្ចាស់ការ លើការរៀនសូត្រ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សិស្សត្រូវបានបង្រៀនឱ្យមានម្ចាស់ការ លើការរៀនសូត្រ ចេះធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំកម្មវិធីសន្ទនា ដើម្បីដកស្រង់បទពិសោធ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មី សាលារៀន អេយូភីភី ឡៃហ្គឺ លីឌឺហ្សីបអាកាឌឺមី (AUPP Liger Leadership Academy) នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា រាជរដ្ឋាភិបាល បានបង្កបរិយាកាសអំណោយផល ឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធាន មនុស្សប្រកប ដោយគុណភាព ជាពិសេសបានឆ្លុះបញ្ចាំង ពីការរីកចម្រើន នៃវិស័យអប់រំនៅកម្ពុជា ប្រកបដោយជម្រើសសម្បូរបែប និងមានហេដ្ឋារចនាសម្ព័ន្ធ ទំនើបឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា កន្លងមក AUPP Liger Leadership Academy (ALLA) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មី នៃវិស័យអប់រំនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សាបែបអនុវត្តគម្រោង (Project-Based Learning) ដោយបានបង្កើតនូវសមិទ្ធផល និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យអប់រំជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស យុវជន និងកីឡា ជាមួយចក្ខុវិស័យបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ (Leadership Development) សម្រាប់យុវជនកម្ពុជា ។

លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សិស្សត្រូវបានបង្រៀន ឱ្យមានម្ចាស់ការលើការរៀនសូត្រ ចេះធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំកម្មវិធីសន្ទនា និងសិក្ខាសាលាដែលអនុញ្ញាត ឱ្យយុវជនជួបជាមួយអ្នកដឹកនាំអាជីវកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីដកស្រង់បទពិសោធ»៕

To Top