ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ ត្រូវលុបបំបាត់ឲ្យបាន នូវការទន្ទ្រានកាន់កាប់ដីរដ្ឋ

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរត្រូវលុបបំបាត់ ឲ្យបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយអនាធិបតេយ្យ និងត្រូវទប់ស្កាត់ដាច់ខាត ការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វ៉ី សំណាង បានដាក់ចេញនូវវិធានការ មួយចំនួនដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដីធ្លី និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវ ឱ្យកាន់តែមានសោភ័ណភាព។

លោក អភិបាលខេត្ត ក៏បានណែនាំ អភិបាលក្រុង-ស្រុកទាំងអស់ត្រូវខិតខំ ធ្វើយ៉ាងណា ចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។

លោក បានបញ្ជាក់ថា «ត្រូវលុបបំបាត់ឲ្យបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋដោយអនាធិបតេយ្យ និងត្រូវទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ដែលជាមូលហេតុបង្កឱ្យស្ទះចរន្តទឹកហូរ និងនាំឱ្យមាន ការជន់លិចលំនៅឋាន ឬដីស្រែចម្ការរបស់ពលរដ្ឋ»។

ក្រៅពីបញ្ហាដីធ្លី លោក វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋតាមរយៈយន្តការ ក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុខដុមរមនាក្នុងសហគមន៍៕

To Top