សប្តាហ៍ទី៣ ! នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង ៧៨នាក់ ថយចុះ ១០នាក់
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ បានបន្តប្រតិបត្តិការ បង្ក្រាបករណីក្មេងទំនើងសរុបចំនួន ២២ករណីឃាត់ខ្លួនជនបង្ក៧៨នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។
បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា ករណីក្មេងទំនើងដែលសមត្ថកិច្ចនគរបាលជាតិបង្ក្រាប បានថយចុះ១ករណី ខណៈជនបង្ក ថយចុះ១០នាក់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ភូមិសាស្ត្រដែលមានករណីក្មេងទំនើងកើតឡើងនោះ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
ការថយចុះនេះមិនមែនជាករណីថ្មីឡើយ ដ្បិតក្នុងរយៈពេល២សប្តាហ៍ដើមខែមីនា បានថយចុះគួរឱ្យកត់សម្គាល់ ធៀបនឹង២សប្តាហ៍ដើមខែកុម្ភៈ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣៧ករណី និងឃាត់ខ្លួនជនបង្កបាន១៦៥នាក់។ ចំនួននេះ បានថយចុះ១៦ករណី ស្មើមនុស្ស៣៧នាក់ធៀបខែកុម្ភៈ៕
