ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង ចាត់អោយតំណាង ចុះសួរសុខទុក្ខមន្ត្រីនគរបាលការពារព្រំដែន ដែលកំពុងសម្រាកព្យាបាលជំងឺ

ខេត្តពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងមន្ត្រីនគរបាល ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក មាស ច័ន្ទសុធារៈ មន្ត្រីនគរបាលការពារព្រំដែនគោកលេខ ៨២៥ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់លោកអនុសេនីយ៍ឯក មាស ច័ន្ទសុធារៈ។

លោកបានកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាពេលកន្លងមក។

ក្រៅពីការសួរសុខទុក្ខ លោកស្នងការស្តីទីក៏បាននាំយកនូវថវិកាឧបត្ថម្ភចំនួន ១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាថវិការបស់លោកស្នងការផ្ទាល់ ដើម្បីសម្រាលបន្ទុកនៅក្នុងគ្រួសារ។ ការផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យជួយយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យលោកអនុសេនីយ៍ឯក អាចឆាប់ជាសះស្បើយ និងត្រឡប់ទៅបំពេញភារកិច្ចបម្រើជាតិមាតុភូមិវិញ។

សកម្មភាពនេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពផ្ទៃក្នុងយ៉ាងជិតស្និទ្ធ និងការយកចិត្តទុកដាក់ដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំពោះសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ។

អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល

To Top