ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ“ ចំនួន ៥១ ភូមិ ក្នុងខេត្តទាំង ២៥ ទូទាំងប្រទេស

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ ភូមិគំរូ “សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៥១ភូមិ សម្រាប់ឆ្នាំ២០២៥ ។

នាឱកាសដ៏ឱឡារិកនេះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការអបអរសាទរ ជូនចំពោះភូមិដែលទទួលជ័យលាភីទាំង ៥១ ក្នុងឆ្នាំ២០២៥។

លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ភូមិគំរូ អាចចាត់ទុកថា ជាថ្ងៃជោគជ័យដ៏ធំធេងថ្មីមួយទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នៅជនបទ ស្របតាមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និង ចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” និងកម្មវិធីអាទិភាពទី៣ របស់ក្រសួងគឺការ ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលសំដៅធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ ការវាយតម្លៃភូមិគំរូប្រកបដោយភាពប្រាកដប្រជា គ្រប់ជ្រុងជ្រោយ ដោយអនុលោមតាមលក្ខណៈវិនិច្ឆ័យ ទាំង ៥ គឺ សេដ្ឋកិច្ច, សង្គមនិងវប្បធម៌, សុខភាពនិងបរិស្ថានរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច។

ជាមួយនេះ លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ដែលតែងតែជួយគាំទ្រដល់សកម្មភាពនានារបស់ក្រសួង និងអំពាវនាវបន្តជួយគាំទ្របន្ថែមទៀតដើម្បីសម្រេចបានគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងឈានទៅសម្រេចឱ្យបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចបញ្ចប់ គណៈអធិបតីបានអញ្ជើញប្រគល់វិញ្ញាបនបត្រ និងពានរង្វាន់លើកទឹកចិត្តដល់ជ័យលាភីទាំង ៥១ ភូមិ ជូនដល់ប្រធានគណ:កម្មការអភិវឌ្ឍន៍ភូមិផងដែរ ៕

To Top