សង្ក្រាន្តកំពង់ចាមឆ្នាំនេះ បានត្រៀមរួចជាស្រេចហើយ នូវលៀសហាលទម្ងន់ ៥តោន សម្រាប់ប្រជាពលរដ្ឋទទួលទាន ដោយឥតគិតថ្លៃ ក្នុងថ្ងៃសង្ក្រាន្តទីពីរ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា សង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានត្រៀមជាស្រេច នូវលៀសហាលទម្ងន់ ៥តោន ដើម្បីសម្រាប់ប្រជាពលរដ្ឋ ចូលរួមទទួលទាន ដោយឥតគិតថ្លៃ ក្នុងថ្ងៃសង្ក្រាន្តទីពីរ គឺថ្ងៃទី ១៥ ខែមេសា ខាងមុខនេះ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំវេទិកាសង្ក្រាន្តឆ្នាំថ្មី នៅក្នុងខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការកោតសរសើរ និងអរគុណដល់ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអភិបាលក្រុង ស្រុក ព្រមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងសម្រេចបាន នូវសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ ។
ជាមួយគ្នានោះ ចំពោះបណ្តាស្រុកទាំង៩ ក្នុងខេត្តកំពង់ចាម ក៏មានផលិតផលរបស់ខ្លួន ដើម្បីដាក់បង្ហាញ ក៏ដូចជាការផ្ដល់ជូនដល់ប្រជាពលរដ្ឋទទួលទានដោយឥតគិតថ្លៃ នៅក្នុងថ្ងៃសង្ក្រាន្តទី ២ គឺថ្ងៃទី ១៥ ខែមេសា ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សង្ក្រាន្តកំពង់ចាមមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា រដ្ឋបាលខេត្តក៏បាននិងត្រៀមរៀបចំអាហារសម្រន់សម្រាប់ប្រជាពលរដ្ឋទទួលទានដោយឥតគិតថ្លៃផងដែរ គឺលៀសហាលទម្ងន់ ៥តោន នៅថ្ងៃទីពីរនៃថ្ងៃសង្ក្រាន្ត គឺថ្ងៃទី ១៥ ខែមេសា ។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
