ព័ត៌មានជាតិ

អតីតពលករ ដែលទទួលបានការងារនៅក្នុងរោងចក្រ ទទួលបានអត្ថប្រ​យោជន៍ច្រើនពីកម្មវិធី​រៀន​ជំនាញ​ដេរ ៧ថ្ងៃ

ភ្នំពេញ៖ អតីត​ពលករ​ខ្មែរដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃលើក​ឡើង​ថា ពួកគាត់​ទទួល​បាន​ទាំង​ជំនាញ រៀនចប់​មាន​ការ​ងារ​ធ្វើ និងទទួលបានលុយ​ក៏ដូចជា​អត្ថ​ប្រយោ​ជន៍មួយចំនួន​ទៀតអំឡុងពេល​កំពុងរៀនក្នុង​វគ្គ​បណ្ដុះ​បណ្ដាលជំនាញដេររយៈពេល៧ថ្ងៃ។

អ្នកស្រី ចាន់ សោភា អតីតពល​ករ​ដែល​ទទួលបាន​ការ​ងារ​នៅ​ក្នុងរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក នៅខេត្ត​កំពង់​ស្ពឺបាន​និយាយ​ថា អ្នកស្រីពិតជា​សប្បាយ​រីករាយ​ដែល​បានមកចូលរៀនជំនាញដេរនេះ ព្រោះអាច​ធ្វើការ​នៅ​ក្នុង​ស្រុកដែលមានប្រាក់ខែសមរម្យ ដោយ​មិន​ចាំ​បាច់​ចំណាក​ស្រុក​តទៅ​ទៀត​ទេ។

អ្នកស្រីបញ្ជាក់ថា៖«អំឡុងធ្វើការ​នៅស្រុកថៃក៏​ធ្លាប់​ជួប​បញ្ហា​ដូ​ចជា ត្រូវថៅ​កែខ្លះ​មិន​បើក​លុយ​ឱ្យ និងម្យ៉ាងក៏​បារម្ភ​ពីសុវត្ថិភាព​ផ្ទាល់​ខ្លួន ហើយនឹកផ្ទះ​ដោយ​សារទៅ​ធ្វើ​ការ​ឆ្ងាយ តែឥឡូវនេះ ខ្ញុំមានជំនាញដេរ មានប្រាក់ខែ​សម​រម្យ ហើយបាននៅជិតផ្ទះទៀត និងមិនបារម្ភ​ពីសុវត្ថិ​ភាព​ទៀត​ទេ»។

ចំពោះអ្នកស្រី អ៊ូ ស្រីឡូន អតីតពលករ​មកពី​ខេត្ត​សៀម​រាប ហើ​យ​កំពុងប​ម្រើការងារ​នៅ​រោង​ចក្រ ស្ថិតនៅ​ខេត្ត​កំពង់​ស្ពឺបាន​និយាយ​ថា អំឡុងពេល​ស្នាក់នៅ​ប្រទេសថៃ អ្នកស្រី និងស្វាមី ធ្វើជាកម្មករជូន​កញ្ចក់​តាម​អគារ​ពាណិ​ជ្ជកម្ម ខុន​ដូរ និងផ្ទះវិឡា​នៅទីក្រុង​បាំង​កក ដោយ​មិន​មាន​ជំនាញកាត់ដេរទេ។

អ្នកស្រីបន្តថា៖«នៅពេលដែលខ្ញុំមកដល់ខ្មែរវិញ ខ្ញុំទទួល​បាន​ការយកចិត្តទុកដាក់ណាស់ ហើយគេ​ឱ្យខ្ញុំមក​រៀន​ដេរ​​អត់​អស់លុយ​ហើយ បែរ​ជា​បាន​លុយ​ថែមទៀត។ ឥឡូវ​នេះ ខ្ញុំបានទាំងជំនា​ញដេរមួយ​ បានទាំងប្រាក់ខែ ហើយបាន​ការងារ​នៅក្នុង​ស្រុកយើងទៀត។ អីចឹង ខ្ញុំលែង​បារម្ភអ្វី​ច្រើ​នហើយ ខ្ញុំពីរនាក់ប្ដី គឺខំប្រឹងសន្សំលុយ ដើម្បីជីវភាពគ្រួសារខ្ញុំ»។

អតីតពលកររូបនេះបានអំពាវនាវដល់អ្នកកំពុងស្វែងរកការងា​រធ្វើ ឬរៀន​ជំនាញ​ដេរ អាចទាក់ទង​តាមរយៈ​ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ព្រោះ​ការងារ​នៅ​ក្នុង​ស្រុក ក៏មានច្រើនមិន​ចាំបាច់ចំណាក​ស្រុកទៅ​ឆ្ងាយទៀតទេ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈបានថ្លែងថា វគ្គបណ្ដុះ​បណ្ដាល​ជំនាញ​ដេ​ររយៈ​ពេល​៧ថ្ងៃ មានគោលបំណង​សំខាន់​សម្រាប់​ផ្ដល់​ជំនាញ​ដេរដល់យុវជន ពិសេសអតីត​ពលករខ្មែរ​ដែលត្រ​ឡប់​មក​ពីប្រទេ​សថៃ ហើយមានបំណងចង់​ចូលបំពេញ​ការ​ងារក្នុងវិស័យកាត់ដេរ ប៉ុន្ដែគ្មាបទពិសោធ។

លោកបន្តថា៖«ក្នុងអំឡុងពេលរៀនក្នុងវគ្គនេះ គឺសិក្ខា​កាម​ទាំង​អស់អាចបានទាំងជំនាញ រៀនចប់​មាន​ការ​ងារ​ធ្វើ​ភ្លាមៗ និងទទួលបានលុយ ក៏ដូចជាអត្ថ​ប្រយោ​ជន៍​មួយ​ចំនួនទៀត ដើម្បីជាការលើកទឹកចិត្ត និងជួយ​សម្រួល​ការលំបាកក្នុងអំឡុងពេលរៀនជំនាញ»។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលជំនាញដេរនេះ រៀប​ចំ​ឡើង​ក្រោមកិច្ច​សហ​ការរ​វាងNEA នៃក្រ​សួ​ង​ការ​ងារ ស​ហ​ការជាមួយ​រោងចក្រក្នុង​វិស័យកាត់ដេរ​ក្នុងខេត្ត​កំពង់​ស្ពឺ និង​ខេត្តកណ្តាល ដោយទទួល​បានការ​គាំទ្រ​ពីមូល​និធិអ​ភិវ​ឌ្ឍ​ន៍ជំនាញ(SDF)។

យុវជន អ្នកស្វែងរកការងារ និងជាពិសេស​អតីតពល​ករ​ដែល​​ត្រឡប់មក​ពីប្រទេ​សថៃ មានបំណងចង់​ចូលរួមវគ្គ​បណ្តុះ​បណ្តាល និង​ទទួល​បានកា​រងារ អាច​ទាក់​ទង NEA តាមរយៈលេខ ០៧៦ ៨៦៣ ៣៤ ៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤ ៣៦/ ០៧១ ៤៨៨ ៨៩ ០៥៕

To Top