សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ប្រកាសមិនពាក់ព័ន្ធ នឹងជម្លោះផ្ទៃក្នុងនៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាចំការដូង
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ទទួលបានពី ការិយាល័យមេធាវី គួយ ធុនណា ដែលមាន មេធាវី គុយ ធុណា, មេធាវី ណា ម៉ារីណែត និង មេធាវី ណា ម៉ារីយ៉ា ជាមេធាវីតំណាងដោយអាណត្តិឱ្យ លោកបណ្ឌិត កុល ផេង ស្ថាបនិកសាលាបញ្ញាសាស្ត្រអន្តរជាតិ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បំភ្លឺជាសាធារណៈថា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) ពុំមានការជាប់ពាក់ព័ន្ធជាមួយនឹង ជម្លោះផ្ទៃក្នុងដែលកំពុងកើតឡើងនៅ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៥ ឬសាខាចំការដូង នោះឡើយ។

យោងតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ជម្លោះនេះបានកើតឡើងរវាងភាគីម្ចាស់ភាគហ៊ុន រួមមាន៖ លោកស្រី កុល ចិន្តា (Kol Chinda), លោក សេង ឧត្តម (Seng Oudom), លោក សេង សុពន្លឺ (Seng Sopunloeu) និងលោក យ៉ុន សុគន្ធ (Yun Sokun)។
ភាគីទាំងនេះបានបង្កឱ្យមានទំនាស់ផ្ទៃក្នុង រហូតឈានដល់ការផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម កាសែត និងមានការប្តឹងផ្តល់គ្នាទៅតុលាការថែមទៀត។
ការិយាល័យមេធាវីបានសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីជម្លោះខាងលើ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទាំងផ្លូវច្បាប់ និងផ្លូវសីលធម៌ ដែលបណ្តាលឱ្យ៖
ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ៖ ធ្វើឱ្យខូចខាតដល់កិត្តិយស និងកិត្យានុភាពរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទាំងមូល ដែលបានខិតខំកសាងជាយូរណាស់មកហើយ។
បាត់បង់ទំនុកចិត្ត៖ បំផ្លាញទំនុកចិត្តរបស់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលសិស្ស។
រំលោភកិច្ចសន្យា៖ ភាគីជម្លោះបានរំលោភលើប្រការ៥ នៃលិខិតអនុញ្ញាត ដោយសារមានការលក់ ឬផ្ទេរសិទ្ធិសាលាទាំងមូល ឬមួយផ្នែកទៅឱ្យភាគីទីបី ដែលជាអំពើខុសច្បាប់។
ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍ក៏បានរំឮកផងដែរថា តាមប្រការ៥ នៃប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នរដ្ឋមានសិទ្ធិបិទគ្រឹះស្ថានសិក្សា ប្រសិនបើគ្រឹះស្ថាននោះអនុវត្តខុសពីកិច្ចសន្យាដែលបានព្រមព្រៀង។
បច្ចុប្បន្ន មេធាវីតំណាងឱ្យ លោកបណ្ឌិត កុល ផេង កំពុងចាត់ការតាមផ្លូវច្បាប់ និងតាមនីតិវិធីយ៉ាងតឹងរឹងបំផុត ដើម្បីរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សតិអារម្មណ៍សិស្សានុសិស្ស ក៏ដូចជាធានានូវនិរន្តរភាពធម្មានុរូបភាពរបស់សាកលវិទ្យាល័យ។
អាស្រ័យហេតុនេះ សូមសាធារណជន មាតាបិតា សិស្សានុសិស្ស និងក្រសួងស្ថាប័នមានសមត្ថកិច្ច មេត្តាជ្រាបជាព័ត៌មាន៕





