ព័ត៌មានជាតិ

លោក កើត រិទ្ធ ៖ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ត្រូវអនុវត្តតាមច្បាប់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ។

លោក កើត រិទ្ធ ថ្លែងថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់បង់លុយជាសំណងជំងឺចិត្ត ហើយរួចខ្លួននោះ លែងកើតមាននៅកម្ពុជាទៀតហើយ ត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ។ ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ កាលពីរាត្រីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៦នោះ ធ្វើឱ្យកុមារាម្នាក់រងរបួសធ្ងន់ នឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន ។

លោកបញ្ជាក់ថា “កន្លងទៅ ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរ ដំបូងឡើងមានអ្នកខ្លះគាត់លើកចេះលើកចុះ គឺថាអត់ទេ នេះគឺជាគោលការណ៍ ។ អីចឹងយើងរង់ចាំត្រួតពិនិត្យទាំងអស់គ្នា យើងរីករាយសហការ ជាមួយអ្នកសារព័ត៌មាន នៅពេលឃើញមានបញ្ហា មិនប្រក្រតីអាចរាយការណ៍មកគណៈបញ្ជាការ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើស្រ្តីម្នាក់ឈ្មោះ សុខ ច័ន្ទបូណ៍មី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរបួសអ្នកដទៃ នៅខណ្ឌឬស្សីកែវ ខណៈបុរសម្នាក់ ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ដែលជាមន្រ្តីរាជការនោះ ត្រូវបានដោះលែងឱ្យសេរីភាពវិញ ។ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃការស៊ើប អង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៍មី គឺជាអ្នកបើកបររថយន្តបង្ក ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ៕

To Top