ព័ត៌មានជាតិ

សហជីពថា អតីតពលករ ដែលទទួល​បាន​ការ​ងារ ​ក្នុង​​វិស័យ​វាយនភណ្ឌកាត់ដេរ គ្មានបំណង​ត្រឡប់​ទៅ​​ថៃ​ដូច​ការ​​លើក​ឡើង​របស់​សង់​ត្រាល់​ទេ

ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជាបានលើកឡើង​ថា អតីត​ពលករខ្មែរដែល​ទទួលបាន​ការងារ​នៅក្នុង​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត​ផលិត​ផលធ្វើដំណើរនិងកាបូប គ្មានគោលបំណង​វិលត្រឡប់​ទៅ​ធ្វើការងារនៅ​ប្រទេស​ថៃទៀត​នោះទេ ដោយ​សារ​ការ​ងារក្នុងស្រុកមានសម្បូរបែប និងទទួល​បាន​អត្ថប្រយោជ​ន៍​ច្រើនជាងនៅប្រទេសថៃ។

លោក សំ សឿន ប្រធានសហភាពពល​កម្មជាតិ​កម្ពុជា ​បាន​ថ្លែងថា អតីតពលករខ្មែរ​ដែលទទួល​បានការ​ងារ​នៅ​ក្នុង​វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​ផលិត​ផល ធ្វើដំណើរនិងកាបូប មិនមាន​គោល​បំណង​ណាមួយ​ត្រឡប់ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃដូច​ការ​លើក​ឡើង​របស់​សង់​ត្រាល់នោះទេ ដោយសារ​អត្ថ​ប្រយោ​ជន៍ ដែលពួក​គាត់ទទួល​បានពីការ​ងារ ក្នុង​ស្រុក​មាន​ច្រើន​ជាងធ្វើកា​រងា​រនៅ​ប្រទេស​ថៃ។

លោកបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ ក្រុមហ៊ុន និង​វិស័យសេវាកម្មកើនឡើង ដែលបង្កើត​ការងារ​ច្រើន​សម្រាប់​ពលរដ្ឋ។ ការងារក្នុងស្រុក​ផ្តល់ប្រាក់​ខែមាន​ស្ថេរ​ភាព មាន​ធានា​រ៉ាប់​រង​សុខ​ភាព និងអត្ថប្រ​យោជន៍​ផ្សេងៗ​ទៀត ហើយ​ពួកគាត់​អាចចៀស​វាងហានិភ័យដូចជា ការ​បោក​ប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសពួកគាត់អាចរស់នៅជាមួយគ្រួសារ មិនបែ​កបាក់ និង​អាចថែ​ទាំកូន​ចៅបានល្អជាង។

ថ្នាក់ដឹកនាំសហជីពរូបនេះ​បញ្ជាក់ថា៖«ទន្ទឹមលើ​ការ​ទទួ​ល​​បានអត្ថ​ប្រយោជន៍ទាំង​នេះ គឺរាជ​រដ្ឋាភិ​បាល​កម្ពុជា កំពុង​លើក​ទឹក​ចិត្ត ការ​បង្កើត​វិធាន​ការ និងកិច្ច​អន្តរា​គមន៍​ជា​ច្រើន ដើម្បី​បង្កើន​ឱកាស​ការ​ងារ កិច្ច​គាំ​ពារសង្គម និងការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ គឺធ្វើ​យ៉ាងណាបង្កើតការងារ ពង្រឹង​សមត្ថភាព​ពលរដ្ឋ និងពង្រីកការ​ផលិតក្នុង​ការធា​នាស្ថេរ​ភាពសេ​ដ្ឋ​កិច្ច​ជាតិ»។

ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហ​ជីពរក្សាសិ​ទ្ធិ​កម្មករកម្ពុ​ជា (CWPUC)បា​នថ្លែងថា លោកបា​នសួរ​នាំ​ពី​​គោលបំណងរបស់អ​តីតពលករខ្មែ​រ​ដែល​ត្រឡប់​មកពី​ប្រ​ទេសថៃជាច្រើននាក់ដែរ ប៉ុន្ដែពួកគាត់ឆ្លើយដូចៗគ្នាថា គ្មា​នបំណងត្រឡប់ទៅវិញទេ បើទោះបីជាស្ថា​នភាព​នៃ​ទំនា​ក់ទំនង​រវាងប្រទេសទាំង​ពីមានប្រក្រតី​ភាព​ឡើង​វិញក៏​ដោយ។

លោកបន្តថា ពួកគាត់ធ្លាប់ប្រឈមនឹង​បញ្ហាជាច្រើន​ដូច​ជា ការបោកប្រាស់ ការងារមិនស្របច្បាប់ រីឯព​លករ​ខ្លះ​មិន​មាន​ឯកសារត្រឹមត្រូវ អាចមានបញ្ហាជាមួយអាជ្ញាធរ ឬត្រូវ​ផាកពិន័យ និងការចាប់ខ្លួនជាដើម។ ករណី​ខ្លះមា​ន​កា​រងារលំបាក ម៉ោងធ្វើការងារច្រើន ប្រាក់ខែមិន​សម​ស្រប ឬមិនទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ ជា​ពិសេ​ស​ត្រូវឃ្លាតឆ្ងាយពីគ្រួសារដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​ជីវភាព និង​សតិ​អារម្មណ៍ក្នុងគ្រួសារផងដែរ។

លើសពីនេះ លោកថា៖«ខ្ញុំបានឃើញ​របាយការណ៍​របស់​សង់​ត្រាល់​ដែរ ប៉ុន្ដែ​វាមិនឆ្លុះ​បញ្ចាំង​ពីការ​ពិត​នោះទេ ព្រោះ​ខ្ញុំក៏បា​ន​ស្ទង់​មតិ ឬក៏សួរនាំកម្មករដែល​ជាអតីតព​លករ​ដែរ គឺ​ពួកគាត់​ប្រា​ប់ខ្ញុំថា ពួកគាត់នឹង​មិន​ទៅធ្វើការ​ងារ​នៅ​ស្រុកថៃទៀតទេ ព្រោះការងារ​នៅស្រុក​យើង​ក៏​សម្បូរ​បែបដែរ ហើយគ្មានបារម្ភពីសុវត្ថិភាពអ្វីទេ ធ្វើ​ការ​ងារ​នៅស្រុកយើង ជួយអភិវឌ្ឍន៍ស្រុកទេសយើងដែរ»។

លោក រ៉ាវី បានអំពាវនាវដល់​អតីតពលករ​ខ្មែរ​កុំវិល​ត្រឡប់​ទៅ​ប្រទេ​សថៃវិញ ហើយស្វែង​រកការ​ងារ​នៅក្នុង​ប្រទេ​ស​កម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈនៅ​រង់ចាំ​ផ្ដល់ឱកាស​ការ​ងារ​គ្រប់​ពេល​វេលា ព្រម​ទាំង​មាន​លេខទូរសព្ទសម្រាប់ទំនាក់ទំនង ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការ​ងារ​សមរម្យ៕

To Top