ព័ត៌មានជាតិ

សហភាពអឺរ៉ុប ផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ សម្រាប់កម្មវិធីអាហារូបករណ៍ «ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ» នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ សម្រាប់កម្មវិធីអាហារូបករណ៍ ាជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ» (Choose Europe for Science) ប្រារព្ធធ្វើនៅប្រតិភូដ្ឋានសហភាពអឺរ៉ុប។

មានការចូលរួមពី លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប លោក Ian Hoskins ប្រធានផ្នែកនៃគណៈកម្មការអឺរ៉ុប លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។

ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់ការគាំទ្រឥតងាករេដល់វិស័យអប់រំនៅកម្ពុជា តាំងពីឆ្នាំ ២០០៣ មកដល់ពេលបច្ចុប្បន្ន។

តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ ក្រសួង បានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន តាំងពីការបង្កើនអត្រាចុះឈ្មោះចូលរៀននៅគ្រប់កម្រិត រហូតដល់ការលើកកម្ពស់គុណភាពអប់រំដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងតំបន់។ ការប្រកាសផ្តល់ថវិកាចំនួន ៨លានអឺរ៉ូ នាពេលនេះ គឺជាការវិនិយោគដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់មូលធនមនុស្សរបស់កម្ពុជា។

លេីសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតចំពោះសហភាពអឺរ៉ុប សម្រាប់ការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុជាច្រើនឆ្នាំកន្លងមកនេះ ដោយជឿជាក់ថា កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science) នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ ទាំងផ្នែកចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ៕

To Top