ព័ត៌មានជាតិ

រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករ ត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា នៅ​រាជ​ធានី​ភ្នំពេញ ដែលជា​បេះដូង​នៃប្រទេស​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើននោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួន ២២,២១៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈ​ខិតបណ្ណ​ការងារ​របស់​ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

To Top