អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើប៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ភ្នំពេញ៖ នៅវេលាម៉ោង ២២:៥៥នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ និងដំបងដែកទីប ។
បើតាមប្រភពក្រុមក្មេងទំនើងទាំងពីរក្រុមបានធ្វើសកម្មភាព វាយកាប់គ្នាទៅវិញទៅមក បណ្តាលអោយរងរបួសទាំងសងខាង នៅចំណុចមុខផ្សារទំនើបជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំង២ភាគី បានសរុបចំនួន ៨នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដា ស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-4857, បំពង់ទីបដែក ០១ដើម និងកាំបិតប៉័ងតោ ០១ដើម រួមនឹងសម្ភារៈមួយចំនួនទៀត។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា ដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

