ព័ត៌មានជាតិ

ធនាគារជាតិ-UNDP ដាក់ឱ្យប្រើរបាយការណ៍ សង្ខេប​គោលនយោបាយ “ដុល្លារូបនីយកម្ម និងការទូទាត់ ប្រាក់ឈ្នួល ក្នុងវិស័យនាំចេញសំខាន់ៗ”

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានដាក់ឱ្យប្រើប្រាស់ របាយការណ៍សង្ខេបគោលនយោបាយស្ដីពី “ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួល ក្នុងវិស័យនាំចេញសំខាន់ៗ” ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាង ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់ របាយការណ៍សង្ខេបគោលនយោបាយស្តីពី “ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា” បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ការប្រកាសដាក់ឱ្យប្រើប្រាស់នេះដើម្បី អបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ។
លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រការស្រាវជ្រាវ និងការដាក់ចេញវិធានការគោលនយោបាយ សំដៅពង្រឹងតួនាទីប្រាក់រៀល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ចំណែកលោក អេនរីកូ ហ្គាវេលីយ៉ា តំណាង យូអិនឌីភី ប្រចាំកម្ពុជា បានលើកឡើងដែរថា ខណៈលំហូរ ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍១៩៩០ បានរួមចំណែក ដល់ដុល្លារូបនីយកម្ម ពេលនេះគឺជាពេល ដែលទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្ត ក្នុងការកាត់ បន្ថយការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជា ។ លោកបន្ថែមថា យូអិនឌីភី នឹងបន្តលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ នៅក្នុងប្រតិបត្តិការរបស់ខ្លួន និងអំពាវនាវដល់ដៃគូ អភិវឌ្ឍន៍ផ្សេងទៀត ទាំងនៅក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិ ឱ្យចូលរួមដូចគ្នា៕

To Top