ការកែសម្រួល អាត្រាពន្ធនាំចូល-នាំចេញ លើទំនិញមួយចំនួន នឹងអនុវត្តនៅថ្ងៃ១ មេសា
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការកែសម្រួលអាត្រាពន្ធនាំចូលនិងនាំចេញ លើមុខទំនិញមួយចំនួន របស់រាជរដ្ឋាភិបាល នឹង ចូលជាធរមាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា លើកឡើងថា ក្នុងគ្រាដ៏លំបាក បណ្តាលមកពីតម្លៃប្រេងឥន្ធនៈ កើនឡើងខ្ពស់ លើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាល បានចេញវិធានការអន្តរាគមន៍ បន្ថែមមួយចំនួនទៀត សំដៅជួយកាត់បន្ថយបន្ទុក ចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែសម្រួលអត្រាពន្ធគយ លើទំនិញនាំចូល និងអត្រាអាករលើមុខ ទំនិញនាំចេញមួយចំនួនដូចជា ៖ បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញឧបករណ៍ សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡាចំនួន៩ បន្ទាត់ពន្ធ ។ បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញម៉ូទ័រ សម្រាប់យានយន្តអគ្គិសនី , ប្រព័ន្ធថាមពលសូឡា, អាគុយលីចូម (មានដូចជា អាគុយកុំព្យូទ័រយួរដៃ អាគុយយន្តហោះ, អាគុយយានយន្ត អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station និងថ្មទូរស័ព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ ។
លោកថា សម្រាប់មុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ ក៏បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% ។ បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញចង្ក្រានអគ្គិសនី ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ។ ជាមួយគ្នានោះ បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន១ បន្ទាត់ពន្ធ។
លោកបញ្ជាក់ថា “អត្រាពន្ធគយ និងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ។ សូមបញ្ជាក់ជូនថា វិធានការថ្មីបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញវិធានការ ជាច្រើនរួចហើយ រយៈពេលចុងក្រោយនេះ សំដៅជួយទប់តម្លៃប្រេងឥន្ធនៈ និងជួយសម្រួលជីវភាពប្រជាពលរដ្ឋ” ។
បើតាមអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារ ក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់ របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ ។ បន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀត ក្នុង១លីត្រនៅពេល ដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល ។ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។ បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ ។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកជំនួស ចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕
