ក្រសួងមហាផ្ទៃ ៖ នៅមានពលរដ្ឋភៀសសឹក ៣៥.០៤៥ នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៣៥.០៤៥នាក់ទៀត (ស្រ្តី១៨.១៩៤នាក់ និងកុមារ ១១.៦៣៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញ តាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ ។
ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នា នឹងការបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែល នៅពុំទាន់អាចវិលត្រឡប់ ទៅលំនៅឋានវិញបាន ។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក៧៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៥.០៤៥នាក់ទៀត (ស្រ្តី១៨.១៩៤នាក់ និង កុមារ១១.៦៣៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
