ជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ចេញបទបញ្ជា ដល់លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណទណ្ឌ ដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៨នាក់ កម្លាំងនគរបាលយើងបានធ្វើការដកហូតវត្ថុតាង ១.ម៉ូតូម៉ាកស្កុបពី ពណ៌ទឹកក្រូច ចំនួន០១គ្រឿង គ្មានស្លាកលេខ(ម៉ូតូជនរងគ្រោះ)។ ២.ម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ អត់ស្លាកលេខចំនួន០១គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង០៨នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួច មានស្ថានទម្ងន់ទោសចែកចាយ និងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ។ ក្រោយសួរនាំ ម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ រីឯជនសង្ស័យទាំងនេះ នឹងត្រូវបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕





ដោយ ប៊ុន សំណាង
