ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យស្រាវជ្រាវ ឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកបេីកបរ បុកមនុស្សស្លាប់ទាំង៦នាក់ មកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអគ្គស្នងការ នគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវ ឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ។

ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ ពីសម្តេចធិបតី បានឃេីញមានការបញ្ចេញមតិជាច្រេីន ពាក់ព័ន្ធជាមួយ នឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ ត្រូវបានស្លាប់ រួមទាំងទារក នៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីង ដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។

យោងតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការសម្តែងការសោកស្តាយ ដល់ជនរងគ្រោះ មានបងប្អូនមួយចំនួន ក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិ អាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ក្នុងនោះ សម្តេចធិបតី បានចូលរួមមរណៈទុក្ខជាមួយ នឹងក្រុមគ្រួសារសព នៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នា បានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវ ឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ៕

To Top