ក្រសួងយុត្តិធម៌ កំពុងពិនិត្យករណីកូនប្រុស ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តបុក មនុស្ស៦នាក់ស្លាប់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បង្កឡើងដោយកូនប្រុសស្នងការរងខេត្តបន្ទាយមាន បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់បាត់បង់ជីវិត ត្រូវបានអ្នកនាំពាក្រសួងយុត្តិធម៌អះអាងថា ក្រសួងបាននិងកំពុងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ។
លោកស្រី ឌី ម៉ូឡានីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងកើតឡើងនៅខេត្តបាត់ដំបង កើតឡើងពីការធ្វេសប្រហែសរបស់ យុវជនម្នាក់ដែលគេគ្រប់គ្នាដឹងថា ជាកូនប្រុសរបស់ស្នងការរង ខេត្តបន្ទាយមានជ័យនោះ ក្រសួងមិនព្រងើយកន្តើយឡើយ កំពុងតែមមាញឹកក្នុងការពិនិត្យនិងតាមដានរហូតតាំងពីថ្ងៃកើតហេតុមក ។
ជាមួយគ្នានេះ លោកស្រីអះអាងថា សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុង មានវិធានការទៅតាមផ្លូវច្បាប់រួចរាល់ហើយ ។
លោកស្រីអ្នកនាំពាក្យបន្តថា “សូមបញ្ជាក់ជូនថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុង ចាត់វិធានការតាមផ្លូវច្បាប់ហើយ។ ទន្ទឹមនេះ ក្រសួងយុត្តិធម៌នឹងបន្តពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ” ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២៧ មីនា យុវជនម្នាក់ឈ្មោះ ស៊ីវ ជ័យសិដ្ឋដែលត្រូវជាកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តស៊េរីទំនើប ម៉ាក់ Mercedes Sport បុកម៉ូតូ២គ្រឿងជាបន្តបន្ទាប់គ្នាធ្វើឱ្យក្មេងចាស់ប្រុស-ស្រីនិងទារកក្នុងផ្ទៃបានស្លាប់ ហើយរូបគេក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ ៕
