ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បញ្ជូនមន្ត្រីជំនាញ ចុះពិនិត្យកន្លែងសង្ស័យ មានត្រីងាប់ជាច្រើន ក្នុងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ ទៅដល់កន្លែងកើតហេតុ ដែលសង្ស័យមានត្រីងាប់ ជាច្រើនក្បាលក្នុងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ នៅផ្នែកខាងក្រោម នៃទីតាំងកើតហេតុ ដែលអាចមានចំងាយប្រហែល ៦គីឡូម៉ែត្រ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពិនិត្យដោយផ្ទាល់នៅកន្លែងដែលប្រជាពលរដ្ឋបានរាយករណ៍ និងបានប្រមូលសំណាកទឹក យកទៅធ្វើតេស្តតាមបច្ចេកទេស នៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យត្រីងាប់ រហូតដល់ម៉ោង ៦:៣០នាទីល្ងាចថ្ងៃដដែល។ ក្រុមការងារនឹងបន្តពីនិត្យ នៅផ្នែកខាងលើបន្ថែមនាវេលាថ្ងៃស្អែកបន្តទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្រ្តីជំនាញបន្តធ្វើការ រកប្រភព នៃការបំពុលតំបន់ទឹកស្ទឹងព្រែកត្នោតឱ្យឃើញ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ តាមរយៈយុទ្ធនាការផ្ទៃទឹកស្អាត និងការអនុវត្តច្បាប់ជាធរមាន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងសសរស្តម្ភទី១គឺ «ភាពស្អាត»។ រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលរកឃើញមានបង្ហូរទឹកកខ្វក់ ដោយគ្មានការប្រព្រឹត្តិកម្ម ត្រូវបានផាកពិន័យ បញ្ជាឱ្យកែតម្រូវ ឬឈានដល់ការផ្អាក ប្រតិបត្តិការបណ្តោះអាសន្ន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានចេញសារាចរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ៕

To Top