ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងចាប់យកការ ប្រើប្រាស់បញ្ញាសិប្បនិម្មិត AI

ភ្នំពេញ ៖ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងចាប់យកការ ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ ។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី June Kunugi នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា ការចាប់យកការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នេះ ដោយសារមានបញ្ហាប្រឈមពាក់ព័ន្ធនឹងឧបករណ៍បច្ចេកទេស កុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមតំបន់ដាច់ស្រយាលមួយចំនួនដែលទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយបន្តទៀត ក្នុងគោលដៅពន្លឿនបរិវត្តកម្មឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានបរិយាបន្ន និងសមធម៌ ។

សម្រាប់លោកស្រីនាយិកា អង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏បានលើកឡើងពីបញ្ហា គម្លាតមួយចំនួនដែលត្រូវបំពេញបន្ថែម ជាពិសេសនៅតំបន់ដាច់ស្រយាល ។ ជាមួយគ្នានេះលោកស្រីក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់អង្គការ UNICEF ក្នុងការគាំទ្រដល់កម្មវិធីជាតិថ្មីរបស់កម្ពុជាឆ្នាំ២០២៤-២០២៨ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌ ។

សូមបញ្ជាក់ថា ក្នុងកិច្ចជំនួបរវាងភាគីទាំងពីរនេះ គឺផ្តោតសំខាន់លើការកសាងសាលារៀន ដែលមានភាពធន់ និងការអភិវឌ្ឍជំនាញសតវត្សទី២១ ដើម្បីពង្រឹងបំណិនជីវិត និងសមត្ថភាពយុវជន ឱ្យដើរទាន់ការវិវត្តនៃសកលលោក ព្រមទាំងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ តាមរយៈការបង្កើនការ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន ដើម្បីលុបបំបាត់គម្លាតឌីជីថល ៕

To Top