ព័ត៌មានជាតិ

សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ នឹងជំរុញការបណ្តុះបណ្តាលមូលធនមនុស្ស

ភ្នំពេញ ៖ លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា “សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦” បានគាំទ្រយ៉ាងសំខាន់ក្នុងការជំរុញការបណ្តុះបណ្តាលមូលធនមនុស្សនៅកម្ពុជា ដែលនឹងចូលរួមសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦” នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ លោកស្រី វណ្ណ សេរីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមតិ និងបទបង្ហាញដ៏មានខ្លឹមសាររបស់លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងដំណើរការរៀបចំសេចក្តីព្រាង “សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦”ដែលគាំទ្រយ៉ាងសំខាន់ក្នុងការជំរុញបណ្តុះបណ្តាលមូលធនមនុស្សនៅកម្ពុជា នឹងចូលរួមសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនសម្រាប់ឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ។

លោកស្រីសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងផ្តល់ជាប្រយោជន៍ដល់យុវជន សិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ និងសាធារណជនទូទៅនូវចំណេះដឹង ព័ត៌មានទាក់ទងការសិក្សា និងការងារក្នុងវិស័យទេសចរណ៍ ទាំងពេលបច្ចុប្បន្ន និងអនាគត ។ 

លោកស្រីបន្តថា នាពេលកន្លងមក ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានសហការជាមួយភាគីពាក់ព័ន្ធ កសាងបានហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង សម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបនឹងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដោយបានធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សជាគ្រូបង្គោល អ្នកវាយតម្លៃបង្គោល ការពង្រឹងសមត្ថភាពសាលាបណ្ដុះបណ្ដាល មជ្ឈមណ្ឌលវាយតម្លៃ ការដាក់ចុះកម្មវិធីបណ្ដុះបណ្ដាលថ្មីៗ និងការវាយតម្លៃការសិក្សាពីមុន (RPL) អមដោយបទដ្ឋានគតិយុត្តទ្រទ្រង់ចាំបាច់នានា។

លោកស្រីបន្ថែមថា ទន្ទឹមនឹងនេះ សេចក្តីព្រាង “សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦” បានផ្តល់ជូនដល់អង្គពិធីដើម្បីបានជ្រាបកាន់តែច្បាស់ និងស្នើដល់អង្គពិធីកត់ត្រារាល់ចំណុចខ្វះខាតផ្សេងៗ ដើម្បីពិភាក្សាលម្អិត និងផ្តល់ធាតុចូលបន្ថែមយ៉ាងផុលផុស ក្រោយពីបទបង្ហាញបានបញ្ចប់ ដើម្បីឱ្យសៀវភៅនេះកាន់តែមានន័យខ្លឹមសារ និងគ្រប់ជ្រុងជ្រោយ៕

To Top