គណៈកម្មាធិការជាតិបណ្ដុះបណ្ដាល (NTB) បើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការពង្រឹង គុណភាពអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងតម្រូវការទីផ្សារការងារ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិ បណ្ដុះបណ្ដាល (NTB) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការវិវឌ្ឍរីកចម្រើនសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។ ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំនាពេលនេះ រួមមាន៖ ទស្សនវិស័យមុខរបរ និងការងារ, គន្លងអប់រំថ្មីនៅកម្ពុជា និងការអនុវត្តការវាយតម្លៃ ការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) និងក្រុមប្រឹក្សាជំនាញតាមវិស័យ (SSC)។

នាឱកាសនោះ លោក រដ្ឋមន្រ្តីបានវាយ តម្លៃខ្ពស់ ចំពោះកិច្ចខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់របស់គណៈកម្មាធិការ រហូតដល់ទទួលបាន លទ្ធផលជាទីមោទនៈ ដោយលោកមានប្រសាសន៍ថា ប្រធានបទទាំងបីនេះគឺសុទ្ធតែសំខាន់ ដែលក្រសួងបានធ្វើការបោះពុម្ពផ្សាយកន្លងមកហើយដែរ ហើយសង្ឃឹមថា អង្គប្រជុំនៅពេលនេះនឹងផ្តល់ជាធាតុ ចូលបន្ថែមទៀតដើម្បីពង្រឹងគុណភាព និងធ្វើបច្ចុប្បន្នភាពលើទស្សន វិស័យមុខរបរនិងការងារឱ្យកាន់តែល្អប្រសើរសម្រាប់ជាប្រយោជន៍ដល់ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាពិសេសពីចំណុចនៃតម្រូវការទីផ្សារ គម្លាតជំនាញ និងការបែងចែកតួនាទីឱ្យកាន់តែល្អប្រសើរជាដើម។

ដើម្បីជួយតម្រង់ទិសសិក្សាដល់សិស្សានុសិស្សចាប់ពីកម្រិតអនុវិទ្យាល័យទៅ លោក ហេង សួរ បញ្ជាក់ពីគម្រោងការដាក់ឱ្យអនុវត្តសាកល្បងនៃកម្មវិធី «គន្លងអប់រំថ្មី» សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗចំនួន២១ នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួន នៅជិតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិទ្យាល័យ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ។ កម្មវិធីនេះនឹងត្រូវអនុវត្តដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់ដោយក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយលទ្ធផលនៃការអនុវត្តសាល្បងនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបន្តនាពេលក្រោយទៀត។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ចំពោះ RPL វិញគឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។

លោកបានចាត់ទុក RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់។

ទន្ទឹមនេះ លោក ហេង សួរ បានជំរុញឱ្យមានការចូលរួមផ្សព្វផ្សាយពីចុះឈ្មោះចូលរៀនកម្មវិធី TVET ក៏ដូចជាចុះឈ្មោះក្នុងកម្មវិធី RPL ព្រមទាំងជំរុញឱ្យសមាជិក សមាជិកា NTB បន្តបេសកកម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក៕











