ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ ផ្តាំផ្ញើនិស្សិតខ្មែរបន្តសិក្សា នៅកូរ៉េខំប្រឹងរៀនសូត្រ

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានផ្តាំផ្ញើដល់ក្រុមនិស្សិតកម្ពុជាមកបន្តការសិក្សានៅកូរ៉េ ត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិ ។

ក្នុងឱកាសទទួលស្វាគមន៍និស្សិតខ្មែរចំនួន៧០នាក់ មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងសាធារណរដ្ឋកូរ៉េ នៅព្រលានយន្តហោះអ៊ីនឆន់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឃួន ផុនរតនៈ បានថ្លែងអំណរគុណចំពោះ CAMNEMI KOREA និងសាកលវិទ្យាល័យកូរ៉េនានា ដែលបានជួយសម្របសម្រួលដល់និស្សិតខ្មែរបានមកសិក្សានៅសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ ឯកអគ្គរាជទូត បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលបញ្ចប់ការសិក្សា។

លោកទូត ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់រូបឱ្យចូលរួមចំណែកលើកតម្កើងកិត្តិយសជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរដល់មិត្តភក្តិបរទេស ព្រមទាំងកសាង និងពង្រឹងទំនាក់ទំនងល្អជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសកូរ៉េ។

ឯកអគ្គរាជទូត បានជូនពរដល់និស្សិតគ្រប់រូបសមប្រកបនូវសំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យក្នុងការសិក្សា និងធ្វើដំណើរទៅកាន់គោលដៅសិក្សាប្រកបដោយសុវត្ថិភាព៕

To Top