ព័ត៌មានជាតិ

នាវាចម្បាំងឥណ្ឌា ចូលចតនៅមូលដ្ឋានសមុទ្ររាម

ភ្នំពេញ៖ នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាមហើយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១២-១៥ កញ្ញា ។

ការចូលចតនេះ គឺជាទស្សនកិច្ចលើកដំបូងបង្អស់ របស់នាវាកងទ័ពជើងទឹកឥណ្ឌា មកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនេះ ប្រតិភូនាវាកងទព័ជើងទឹកឥណ្ឌានឹងមានជំនួបពិភាក្សាការងារជាមិត្តភាពជាមួយសមភាគីកម្ពុជា ការធ្វើទស្សនកិច្ច និងមានគម្រោងធ្វើលំហាត់ល្បាតរួម រវាងកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា ដើម្បីដកស្រង់បទពិសោធ ពង្រឹងកិច្ចសហប្រតិបត្តិការកងទព័ជើងទឹកប្រទេសទាំង។

បើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា-កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង «ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦» ដែលជារបៀបវារៈបង្កើតឡើងដោយថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) និងសេដ្ឋកិច្ចពណ៌ខៀវ៕

To Top