ថ្ងៃនេះ ជាខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួម សន្តិភាពកម្ពុជា-ថៃ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាលើកឡើងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះគឺជាខួបគម្រប់មួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាពរវាងកម្ពុជា-ថៃដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន។
លោកថា “ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះគឺជាខួបគម្រប់មួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី” ។
អ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីទាមទារទឹកដីកម្ពុជាមួយចំនួនដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះមកវិញ តាមមធ្យោបាយសន្តិវីធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ដែលនៅសល់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

