ព័ត៌មានជាតិ

សម្តេចធិបតី៖ វត្តមានលោក ម៉ាក្រុង នៅកម្ពុជា ផ្តល់សន្ទុះថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា វត្តមានជាប្រវត្តិសាស្ត្ររបស់លោកអេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅកម្ពុជា បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយប្រធានាធិបតីបារាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។ ជាមួយគ្នានេះ, លោកវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
 
ជាការឆ្លើយតប, សម្ដេចធិបតីចាត់ទុកវត្តមានរបស់ប្រធានាធិបតីបារាំងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ នៅឆ្នាំ១៩៩៣។
 
សម្ដេចធិបតីបន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សម្ដេចធិបតីក៏បានគូសរំលេចពីសារៈសំខាន់នៃការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត​ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា៕

To Top