នយោបាយ

កម្ពុជា កំពុងទទួលផលដ៏ធំធេង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវ​មួយ​របស់មិត្តចិន

ភ្នំពេញ​: លោក​ ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលេីកឡេីងថាប្រទេសកម្ពុជា បាននិងកំពុងទទួលផលដ៏ធំធេង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) របស់មិត្តចិន ​ជាលទ្ធផលជាក់ស្តែង ពីគោលនយោបាយនេះ គឺគម្រោងហេដ្ឋា រចនាសម្ព័ន្ធតភា្ជប់ ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើង នៅអំឡុងឆ្នាំ២០២២ និងការរីកចម្រើន នៃខេត្តព្រះសីហនុដ៏ឆាប់រហ័ស។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​លោក ZHANG BAOSHUN អនុប្រធានគណៈកម្មាធិការ ធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយ ប្រជាជនចិន​ លោក​ ទេព ងន បានមានប្រសាសន៍ថា ប្រទេសចិន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបានក្លាយខ្លួនជា ដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាប្រភពនៃវិនិយោគផ្ទាល់ដ៏ធំ និងជាអ្នកផ្តល់ជំនួយ អភិវឌ្ឍធំជាងគេដល់កម្ពុជា។ ជំនួយអភិវឌ្ឍន៍ទាំងអស់ ពីសំណាក់មិត្តចិន មិនត្រឹមតែបានចូលរួម វិភាគទានដ៏សំខាន់ ដល់ការអភិវឌ្ឍកម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាព របស់កម្ពុជាទៀតផង។

លោក​ ទេព ងន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបន្តគាំទ្រឥតងាករេ នូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកសាធារណរដ្ឋ ប្រជាមានិតចិន ជាមិត្តភក្តិល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ព្រឹទ្ធសភាសូមបន្តគាំទ្រ ដោយពេញលេញ រាល់សេចក្តីសម្រេចនានា ដែលធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។

លោក​ ទេព ងន បានបន្តថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំសា្ថប័ន និងគណៈកម្មការជំនាញសភា នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នា ទៅវិញទៅមកជារៀងរាល់ឆ្នាំ។

លោក​ ទេព ងន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយ ប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់ជូនដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីនីតិកាលទី១ រហូតមកដល់បច្ចុប្បន្ន។ សាធារណរដ្ឋប្រជាមានិតចិន និងសភាប្រឹក្សានយោបាយប្រជាជនចិន តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសំណូមពររបស់ព្រឹទ្ធសភា និងឆ្លើយតបទាន់ពេលវេលា ចំពោះតម្រូវការរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភា បានប្រើប្រាស់ជំនួយ របស់មិត្តចិន ដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាមួយគ្នានេះលោក មានជំនឿជឿជាក់ថា សភាប្រឹក្សានយោបាយ ប្រជាជនចិន និងត្រិះរិះពិចារណា ដើម្បីបន្តជួយសាងសង់អគារ សាលប្រជុំព្រឹទ្ធសភា។

នាឱកាសនោះ លោក​ ZHANG BAOSHUN បានជម្រាបថា នេះគឺជាលើកទី១ហើយ ដែលលោក​ មកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា។

លោក​សង្កេតឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើនជាខ្លាំង មានអាគាខ្ពស់ៗ និងការដ្ឋានជាច្រើន ជាពិសេសរាជធានីភ្នំពេញ គឺជារាជធានីមួយ ប្រកបដោយភាពរស់រវើក។

លោក​ ZHANG BAOSHUN បានថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា ដែលបានគាំទ្រ នូវគោលនយោបាយចិនតែមួយ។ ជា​មួយ​គ្នានេះ ប្រទេសចិន នៅតែបន្តគាំទ្រ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។

លោក​ ZHANG BAOSHUN បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកសង្ឃឹមថា សភានៃប្រ​ទេសទាំងពីរ នឹងបន្តពង្រឹង ពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិនេះបន្ថែមទៀត ដើម្បីឱ្យទំនាក់ទំនង រវាងសភា ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កាន់រឹងមាំថែមទៀត៕

To Top