នយោបាយ

គ ប ម ៖ រាជរដ្ឋាភិបាល អត់យកពន្ធដីស្រែ មិនគ្រប់គ្រាន់ទេ ត្រូវកាត់បន្ថយពន្ធ សំភារៈកសិកម្មទៀត

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា មិនគ្រប់គ្រាន់ទេដែល រាជរដ្ឋាភិបាលមិនយកពន្ធលើដីស្រែប្រជាពលរដ្ឋ តែគឺត្រូវកាត់បន្ថយពន្ធលើ សំភារៈកសិកម្មបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសាជាថ្មីថា ក្រោមការដឹកនាំរបស់សម្តេចក្នុងនាម ប្រធានគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាចគឺនឹងមិនមាន យកពន្ធលើដីកសិករទេ។

ចំណុចនេះ ត្រូវបានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ការមិនយកពន្ធលើដីកសិកម្ម គ្រាន់តែជាការចូលរួមចំណែកតូចមួយដល់ជីវភាពកសិករទេ។ 

បក្សនេះ បានលើកឡើងក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា “ដើម្បីលើកស្ទួយវិស័យ កសិកម្ម និងជីវភាពកសិករ រាជរដ្ឋាភិបាលត្រូវមាន គោលនយោបាយ កាត់បន្ថយពន្ធលើផ្នែកសំភារៈកសិកម្ម ដូចជា ជី ប្រេង គ្រឿងយន្តកសិកម្ម កាត់បន្ថយការប្រាក់ឲ្យនៅក្រោម១ភាគរយក្នុង១ខែ”។

គ ប ម បន្តថា ព្រោះគោលនយោបាយនេះ នឹងជួយដោះស្រាយបញ្ហាទឹក និងទីផ្សារជូនកសិករ និងធានាឲ្យមានគ្រូកសិកម្មល្អធ្វើការបម្រើកសិករនៅគ្រប់ភូមិទូទាំងប្រទេស ៕

To Top