នយោបាយ

លោក ពេជ្រ ស្រស់ ដៀមដាម ឲ្យក្រុមប្រឆាំងថា កំពុងធ្វើនយោបាយ ដុតខ្លួនឯង


ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញសារមិនសំដៅ ចំឈ្មោះ តែក្នុងន័យដៀមដាម ឲ្យទណ្ឌិត សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងថា កំពុងតែធ្វើនយោបាយដុតខ្លួនឯង និងប្រមូលអ្នកដើរតាមខ្លួន យកមកដុត ដើម្បីបង្កើតជាផ្សែងឲ្យគេឯង ភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផលចុងក្រោយ គឺត្រូវរងនូវភាពអាម៉ាស់ទៅវិញ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ តុលានេះថា “មនុស្សមួយក្រុមប្រឆាំង នឹងច្បាប់ គឺកំពុងតែធ្វើនយោបាយដុតខ្លួនឯង នឹងកំពុងតែប្រមូល អ្នកដើរតាមខ្លួន យកមកដុតដែរ ដើម្បីបង្កើតជាផ្សែងឲ្យគេឯងភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផល ចុងក្រោយ គឺត្រូវរងនូវភាពអាម៉ាស់ ដោយសារភ្លៀងមួយមេធំធ្លាក់មក
ធ្វើឲ្យភ្នក់ភ្លើងនោះរលត់ទៅវិញយ៉ាងអាណោចអាធម្មជាពន់ពេក………”។

មិនតែប៉ុណ្ណោះប្រធានគណបក្សយុវជនកម្ពុជា បានដាស់តឿនដល់សកម្មជនបក្សប្រឆាំង ដែលមិនទាន់ជ្រុលខ្លួនជាប់ចោទ តាមច្បាប់ ដោយអនុវត្តតាមឧបាយកល ជនក្បត់ជាតិ សម រង្ស៊ី ត្រូវភ្ញាក់រលឹកឡើង ដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និង សុខសន្តិភាពសង្គមផងដែរ ។

លោក ពេជ្រ ស្រស់ បានក្រើនរំលឹកបែបនេះ ស្របពេលដែលសកម្មជន អតីតបក្សប្រឆាំងប្រមាណជិត ៦០នាក់ ត្រូវបានចាប់ឃុំខ្លួន និងជិត៣០០នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធជាមួយនឹងសកម្មភាព ទណ្ឌិត សម រង្ស៊ី ដែលរៀបចំផែនការ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅថ្ងៃទី៩វិច្ឆិកាខាងមុខ ខណៈសកម្មជនមួយចំនួនទៀត ត្រូវបានលើកលែងការការចោទប្រកាន់ ក្រោយចូលសារភាពកំហុស ។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា ដូច្នេះអ្នកមិនទាន់ជ្រុលខ្លួនក្លាយ ទៅជាអូសត្រូវភ្ញាក់ខ្លួនឲ្យទាន់ពេលវេលា គឺដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និង សុខសន្តិភាពសង្គមផងដែរ ដូចពាក្យចាស់ពោលថា”ជួញជិតគឺប្រសើរជាង ជួញឆ្ងាយ” និងមួយឃ្លាទៀត “កុំជឿមនុស្សខ្ចាត់ព្រាត់ កុំភ្លាត់ជាមួយសម្តីផ្អែម” ៕

To Top