ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រទេសហុងគ្រី ដែលបានផ្ដល់ជំនួយដល់កម្ពុជា កាលពីអតីតកាលក្នុងកាលៈទេសៈ ដែលកម្ពុជា ជួបការលំបាក ដោយទទួលការហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និង នយោបាយ ។
ក្នុងជំនួបជាមួយ លោក János ÁDER ប្រធានាធិបតីហុងគ្រី នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលហុងគ្រី ដែលផ្តល់ជំនួយផ្នែកអប់រំ ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងបន្តជួយបន្ថែមទៀត នៅពេលអនាគត ។ ជំនួយក្នុងវិស័យអប់រំ បានជួយអភិវឌ្ឍន៍ ធនធានមនុស្ស នៅកម្ពុជាផង និងបានចូលរួមសម្រេចនូវយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាវិស័យ អាទិភាពទីមួយ ។ កម្ពុជាមានមោទនភាពចំពោះនិស្សិតកម្ពុជាដែលធ្លាប់បានសិក្សានៅប្រទេសហុងគ្រី បានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗ នៅតាមក្រសួងមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមគោរពអញ្ជើញប្រធានរដ្ឋសភាហុងគ្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០ នៅកម្ពុជា ។
ក្នុងឱកាសអញ្ជើញចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានាធបិតីហុងគ្រីក៏បានថ្វាយនូវលិខិតយាង ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទៅបំពេញទស្សកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី នាពេលវេលាសមស្របណាមួយ ។ ជាការឆ្លើយតបព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជាហប្ញទ័យ ទទួលនូវការយាងនេះផងដែរ ៕