នយោបាយ

ប្រធានាធិបតីចិន អបអរសាទរខួប១៥ព្រះវស្សា នៃការគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ

ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមអបអរសាទរខួប១៥ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយលោកអំពាវនាវឲ្យមានការខិតខំរួមគ្នា ដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍ជាតិ(ទទក)

ក្នុងសារអបអរសាទររបស់លោក ស៊ី ជីនពីង បានកត់សម្គាល់ថា ចាប់តាំងពីការយាងរាជ្យសម្បត្តិជាព្រះមហាក្សត្រ តាំងពីឆ្នាំ២០០៤មក ព្រះអង្គបានចូលរួមវិភាគទានដ៏សំខាន់ ក្នុងការការពារឯកភាពជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រទេស និងត្រូវបានប្រជាជនកម្ពុជា ស្រឡាញ់យ៉ាងជ្រាលជ្រៅ។

លោកបន្ថែមថា ក្នុងរយៈពេល ៦០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ គឺប្រជាជនទាំងពីរ បានរួមរស់ជាមួយគ្នាដូចអ្នកដំណើរនៅលើទូកតែមួយ ជួយគ្នា និងកសាងមិត្តភាពដ៏ជ្រាលជ្រៅមួយ។

ប្រធានាធិបតីចិន ក៏បានបញ្ជាក់ផងដែរថា លោកនៅតែមានឆន្ទៈ ធ្វើការជាមួយព្រះមហាក្សត្រ ដើម្បីទទួលមរតកមិត្តភាព ជាប្រពៃណីរវាងចិន-កម្ពុជា ធ្វើឲ្យប្រសើរឡើងនូវកម្រិត នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជំរុញទំនាក់ទំនងទ្វេភាគី ឲ្យទទួលបាននូវលទ្ធផលថ្មី ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ ៕

To Top