ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាព នៅម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហេីយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ នេះបេីយោងតាមហ្វេសប៊ុកសម្ដេចតេជោ។
វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីនៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មន្ត្រីអង្គទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
តាមកម្មកម្មវិធីថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ (ពេញអង្គ) និងអញ្ជេីញចូលរួម ពិធីចុះហត្ថលេខាលេីអនុស្សារណៈ នៃការយោគយល់រវាងអាស៊ាន និងសហគមន៍នៃសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏មាន សារសំខាន់បំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហារបស់អាស៊ាន ប្រទេសក្នុងតំបន់ និងលើពិភពលោកជាច្រើនត្រូវបានលើកមកជជែក និងស្វែងរកដំណោះស្រាយក្នុងកិច្ចប្រជុំនេះ៕