ភ្នំពេញ៖ ស្របជាមួយគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ របស់ចិន និងគោលនយោបាយចតុកោណរបស់កម្ពុជា ភាគីចិននឹងពិចារណាផ្ដល់ជំនួយ ឥតសំណងដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ តាមការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ភាគីទាំងពីរ បានធ្វើការជជែកពិភាក្សា ទៅលើបញ្ហា០៣ចំណុច សំខាន់ៗ រួមមាន៖
ទី១) សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់ភាគីចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍ នៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុន ជាច្រើនរបស់ចិន នឹងត្រូវធ្វើការវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោង នៃការអភិវឌ្ឍន៍នៃ ខេត្តព្រះសីហនុនេះ ហើយលោកមានប្រសាសន៍ថា ប្រទេសទាំងពីរនឹង ធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយ ឥតសំណងដើម្បីជួយ ដល់ការអភិវឌ្ឍនៃ ខេត្តព្រះសីហនុនេះ។
ទី២) ទាក់ទងនឹងកិច្ចប្រជុំ លើកទី៥ គណៈកម្មាធិការ នៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយសម្ដេចតេជោបានស្នើឱ្យ មានជំនួបនេះមុនបំណាច់ ឆ្នាំ២០១៩ ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅ ឯខេត្តព្រះសីហនុនោះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រ ក្នុងការរៀបចំនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកា នៃប្រទេសទាំងពីរផងដែរ។
ទី៣) ទាក់ទងទៅនឹង កិច្ចប្រជុំអនុតំបន់ ដែលមានយន្តការពីរ នោះមានយន្តការ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គ ដែលគ្រោងធ្វើនៅ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូល អនុតំបន់ទន្លេមេគង្គ ដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ។ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នា ដើម្បីឱ្យកិច្ចប្រជុំនេះ នៅឆ្នាំក្រោយ ទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេស នៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះ ជាបណ្តើរៗ។
ក្រៅពីនោះទៀតពាក់ព័ន្ធ នៅខេត្តព្រះសីហនុ នៅឆ្នាំនេះជាឆ្នាំ ដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្ត កិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរ បានឯកភាពគ្នា ហើយកន្លងមកបានឯកភាព និងរួមគ្នាក្នុងការអនុវត្តច្បាប់ នៃប្រទេសទាំងពីរផងដែរ ៕
ដោយ បាន ធារ៉ូ