នយោបាយ

លោក មុត ចន្ថា គាំទ្រសម្តេចតេជោប្រតិកម្មតបចំពោះក្រុមប្រឆាំងដែលប្រមាថមកលើម្តាយសម្តេច

ភ្នំពេញ ៖ មនុស្សជំនិតរបស់លោក កឹម សុខា គឺលោកមុត ចន្ថា បានគាំទ្រចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅក្រុមប្រឆាំងដែលបានប្រមាថមកលើម្តាយសម្តេចកំពុងមានជំងឺសម្រាកក្នុងមន្ទីរពេទ្យ ។ លោក មុត ចន្ថា លើកឡើងក្នុងហ្វេសប៊ុកនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “ការប្រមាថជីវិតមនុស្ស គឺជាអំពើអមនុស្សធម៌និងអគុណធម៌ ។ សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិមនុស្សយ៉ាងសំខាន់បំផុតដែលរដ្ឋមានកាតព្វកិច្ចការពារ ហើយសិទ្ធិទទួលបានការព្យាបាលនៅពេលមានជម្ងឺ គឺជាសិទ្ធិរស់រានមានជីវិត” ។ លោកថា ការបួងសួងឧទ្ទិសជូនពរដល់អ្នកមានជម្ងឺឲ្យឆាប់ជាសះស្បើយពីរោគាព្យាធិ គឺជាមនោសញ្ចេតនាមនុស្សធម៌និងគុណធម៌ ក្នុងនាមជាមនុស្សដែលរស់នៅក្នុងសង្គមដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់រុងរឿង ដើម្បីលើកទឹកចិត្តដល់អ្នកជម្ងឺ ព្រមទាំងក្រុមគ្រួសារ ។ មានអខោនហ្វេសប៊ុកមួយឈ្មោះ Sovannara Som បានខំមិនលើហ្វេសប៊ុកសម្តេចតេជោថា “ព្រោះតែម្តាយធ្វើឲ្យហ៊ុន សែន មិនបានទៅប្រជុំនៅកូរ៉េ? ហ៊ុន សែន ជាអ្នកដឹងគុណ ដល់ថ្នាក់ហ្នឹងផង? ហាហា គួរឲ្យអស់សំណើចទេ”។ សម្តេចតេជោបញ្ជាក់ទៅវិញថា “ពួកអស់លោកមិនអាចដឹកនាំ កុំថាឡើយដឹកនាំប្រទេសសូម្បីតែដឹកនាំកូនបក្សមួយ ឬភូមិមួយក៍មិនបានផង ព្រោះតែអស់លោកគ្មានគុណធម៌ និងសីលធម៌” ៕

To Top