នយោបាយ

ព្រះមហាក្សត្រ សរសើររាជរដ្ឋាភិបាល ធ្វើឲ្យជីវភាពរស់នៅ របស់ជនពិការ មានភាពល្អប្រសើរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានកោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការីកចម្រើនស្ទើរគ្រប់វិស័យ ដោយបានធ្វើឲ្យជីវភាពរស់នៅ របស់ជនមានពិការ ភាពល្អប្រសើរឡើង តាមរយៈការលើកកម្ពស់កំណើនការងារ ដោយលើកទឹកចិត្តពួកគេ មានមុខរបរផ្ទាល់ខ្លួន ។

យោងតាមព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសដាក់ប្រើប្រាស់ផែនការ យុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព (២០១៩-២០២៣) ទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា “សព្វថ្ងៃក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានធ្វើឲ្យជីវភាពរស់នៅរបស់ជន មានពិការភាពមានភាពប្រសើរឡើង តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្រប ព្រមទាំងការពង្រឹងភាពជាម្ចាស់ការ ដោយលើកទឹកចិត្ត ដល់ជនមានពិការភាព មានមុខរបរផ្ទាល់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម” ។

តាមព្រះរាជសារបញ្ជាក់ថា សមិទ្ធផលរយៈពេល៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ កន្លងមកបានធ្វើឲ្យជនមានពិការភាព ទទួលបានទាំងសេវាសុខភាព ប្រកបដោយគុណភាព និងសមធម៌ ព្រមទាំងការស្តារលទ្ធភាព ពលកម្មកាយ សម្បទា និងសតិបញ្ញាបានល្អប្រសើរ ។

ព្រះរាជសារឲ្យដឹងទៀតថា ការលើកកម្ពស់ ការចូលរួមរបស់ជនមានពិការភាព ដើម្បីសម្តែងមតិទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ត្រូវបានលើកទឹកចិត្ត ទាំងនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិ រួមទាំងការធានាបាននូវសកម្មភាពសង្គម វប្បធម៌ សាសនា កីឡា សិល្បៈ ដែលធ្វើឲ្យពួកគេទទួលបាន ការអភិវឌ្ឍឥតឈប់ឈរពីរាជរដ្ឋាភិបាល ។

ព្រះរាជសារបន្ថែមថា សមិទ្ធផលធំៗខាងលើនេះ បានសបញ្ជាក់ពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល សំដៅបម្រើឲ្យបុព្វហេតុដ៏ថ្លៃថ្លារបស់ជនមានពិការភាពកម្ពុជា ។

ក្នុងឱកាសនោះព្រះមហាក្សត្រ បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស បន្តការគាំទ្រដល់សកម្មភាពនានា របស់ជនមានពិការភាព ដើម្បីលុបបំបាត់ឧបសគ្គរារាំង ឈានទៅពង្រឹងភាព ជាម្ចាស់ការឲ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់ និងការពារសិទ្ធិរបស់ជនមានពិការភាព ៕
ដោយ៖ធី លីថូ

To Top