ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ ២០១៩បានសម្រេចបិទបញ្ចប់ការស៊ើបសួរ សំណុំរឿងក្បត់ជនត្រូវចោទឈ្មោះ កឹម សុខា និងបញ្ជួនទៅតុលាការជំនុំជម្រះ។
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការ ស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវ បានចោទប្រកាន់ពីបទ សទ្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តទៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
សេចក្ដី ប្រកាស ព័ត៌មាន បញ្ជាក់ ថា”ក្រោយ ពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាង ដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅ តុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៩០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩” ។