នយោបាយ

ព្រាប កុល៖ ចំណាយថវិកា ៣ពាន់លានដុល្លារ ទប់ទល់បាត់ EBA ជាការសម្រេចចិត្តដ៏គួរឲ្យសង្វេក

ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា រដ្ឋដែលត្រៀមលក្ខណៈប្រើថវិកាជាតិចំនួន ៣ពាន់លានដុល្លារ សម្រាប់ទប់ស្កាត់ការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) គឺជាការសម្រេចចិត្តដ៏គួរឲ្យសង្វេក ។

លោក ព្រាប កុល ថ្លែងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ថា “ការសម្រេចចិត្តត្រៀមប្រើប្រាស់ថវិកាជាតិ ៣ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងលទ្ធភាព នៃការបាត់បង់គោលនយោបាយ អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) គឺជាការសម្រេចចិត្តដ៏គួរឲ្យសង្វេក ។ គួរឲ្យសង្វេកពីព្រោះថា កម្ពុជាគឺជាប្រទេសក្រីក្រនៅឡើយ ហើយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គួរទុកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ប្រទេស ឬកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់កម្ពុជាវិញ”។

ថវិកាដែលលោកថា គួរទុកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ប្រទេស ឬកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នោះរួមមាន៖

១-ធ្វើផ្លូវអាកាស សម្រាប់រថយន្ត និងរថភ្លើង ឬរៀបចំកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ។

២-រៀបចំថ្នាលបណ្តុះបណ្តាល និងគាំទ្រកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជនឲ្យ មានជំនាញផ្នែកអេឡិចត្រូនិច សម្រាប់ការធ្វើផលិតកម្ម សហគ្រាសយានយន្ត ឬឧបករណ៍អេឡិចត្រូនិច។

៣- ឧបត្ថម្ភ និងពង្រឹងសមត្ថភាព ដល់គ្រូបង្រៀននៅតាម ទីជនបទដាច់ស្រយាល។

៤- គាំទ្រដល់ការសិក្សាស្រាវជ្រាវ អំពីគំនិតផ្តួតផ្តើម និងកែច្នៃកាកសំណល់ និងការអប់រំពលរដ្ឋឲ្យចេះទុកដាក់ សម្រាមមានសណ្តាប់ធ្នាប់។

៥-រៀបចំយុទ្ធនាការបំផុសពលរដ្ឋខ្មែរ គាំទ្រផលិតផលកសិកម្មរបស់ខ្មែរ ដើម្បីបង្កើតឲ្យមានទីផ្សារកសិកម្មក្នុងស្រុក។

លោកថា ប្រសិនបើរដ្ឋមានលុយសល់ ៣ពាន់លានដុល្លា គួរប្រើលុយនោះសម្រាប់សកម្មភាពខាងលើនេះ។ ប៉ុន្តែជាក់ស្តែង កម្ពុជាខ្ចីគេ ជាពិសេសខ្ចីចិនរាល់តែឆ្នាំ ពោលគឺរដ្ឋាភិបាលជំពាក់លុយគេ ឡើងវ័ណ្ឌករាស្ត្រទៅហើយ។

លោក ព្រាប កុល បានលើកជាសំណូមពរថា “ដូច្នេះសូម អ្នកនយោបាយ ចរចាជាមួយភាគីពាក់ព័ន្ធ និងសហគមន៍អឺរ៉ុប ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយខ្មែរ ដើម្បីរក្សា EBA ឲ្យពលរដ្ឋខ្មែរបន្តបានផលចំណេញ១០ឆ្នាំទៀត។ ចំពោះរឿងដែលថា មិនដោះដូអធិបតេយ្យភាព ជាមួយនិងជំនួយ ឬការអនុគ្រោះពន្ធបរទេសនោះ គួឈប់និយាយទៅ កុំឲ្យចិន និង វៀតណាម រអៀសខ្លួន”។

ការលើកឡើងរបស់លោកព្រាប កុលនេះ បន្ទាប់ពីលោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា បានថ្លែងកាលសប្តាហ៍មុនថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ ៣ពាន់លានដុល្លាររួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតមានឡើង ដោយសារលទ្ធភាពនៃការបាត់បង់ EBA។ នេះបើតាមការចុះផ្សាយរបស់វិទ្យុវីអូអេ ៕

To Top