ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងចង់ឲ្យខ្មែរបានសុខ ទើបជ្រើសរើស គោលការណ៍ខ្មែរតែមួយ និងប្រឆាំងដាច់ខាតចំពោះទស្សនៈមានសែន អត់ស៊ី ឬមានស៊ី អត់សែនរបស់ មេឧទ្ទាមសម រង្ស៊ី ដែលនាំឲ្យខ្មែរបែកបាក់។ នេះបើតាមការបញ្ជាក់របស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យ លោក កឹម សុខា។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS)នៅថ្ងៃទី១១ធ្នូនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បកស្រាយថា វប្បធម៌លាបពណ៌ មានស៊ី អត់សែន មានសែន អត់ស៊ីមិនមែន ជានយោបាយ របស់សម្ដេចនោះទេ ពោលគឺវាជាវប្បធម៌លាបពណ៌ របស់ក្រុមប្រឆាំងទៅវិញនោះទេ។
លោក មុត ចន្ថា បានសរសេរ លើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ធ្នូនេះថា “
បើតាមខ្ញុំនៅចាំបាន តាំងពីនៅមជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា (CCHR) រហូតមកដល់គណបក្សសិទ្ធិមនុស្ស (HRP) និងបន្តមកដល់បច្ចុប្បន្នលោក កឹម សុខា តែងតែប្រឆាំងនូវទង្វើ លាបពណ៌ ឬមួលបង្កាច់ខ្មែរគ្នាឯង ដោយគ្រាន់តែមានទស្សនៈផ្ទុយគ្នាយ៉ាងខ្លាំង ពិសេសប្រឆាំងដាច់ខាតចំពោះទស្សនៈ ដែលនាំឲ្យខ្មែរបែកបាក់ ដូចជា “មានសែន អត់ស៊ី ឬមានស៊ី អត់សែន” រហូតធ្វើឲ្យគេលាបពណ៌គាត់ថា “អាយ៉ងរបស់អាយ៉ង” ទៀតផង។ ដូច្នេះហើយបានជាលោក កឹម សុខា ប្រកាន់នូវគោលការណ៍ខ្មែរតែមួយ មានខ្មែរណាក៏មានទៅ ឲ្យតែខ្មែរបានសុខ”។
លោក មុត ចន្ថា បញ្ជាក់ថា “ជាក់ស្តែង សូម្បីតែនៅក្នុងគណបក្ស មានអ្នកមករាយ ការជូនគាត់ថា អ្នកនេះក្បត់ ឬអ្នកនោះក្បត់ ក៏លោក កឹម សុខា បានហាមឃាត់ថាកុំប្រើភាសា ចោទគេក្បត់អីចឹង បើគ្រាន់តែមានគេទស្សនៈផ្ទុយពីយើងនោះ។ ចោទថាអ្នកណាម្នាក់ក្បត់នោះ គឺជាការលាបពណ៌ មួយយ៉ាងធ្ងន់ធ្ងរណាស់ ត្រង់ហ្នឹងហើយដែលនាំ ឲ្យខ្មែរចេះតែបែកបាក់នោះ”៕