ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាល នៃប្រទេសញូវហ្សេឡេន បានប្រកាសតាមដានករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ រដ្ឋាភិបាលកាណាដា តាមរយៈទូតខ្លួនក៏បានប្រកាសតាមដាន ករណីអតីតមេបក្សប្រឆាំងនេះផងដែរ ។
សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយសាលាឧទ្ធរណ៍បានទាត់ចោល បណ្ដឹងក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់ដីកាបញ្ជូន សំណុំរឿងទៅជំនុំជម្រះដែល ចេញដោយចៅក្រមស៊ើបសួរ តុលាការក្រុងភ្នំពេញ ។
បើតាមហ្វេសប៊ុករបស់លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា លោកស្រី Allison Stewart ភារធារីនៃស្ថានទូតកាណាដាប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខលោក កឹម សុខា នៅរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងជំនួបនោះ លោកស្រីភារធារីបានលើកឡើងថា កាណាដាជួយនិងគាំទ្រ ដំណើរការប្រជាធិបតេយ្យ និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ លោក កឹម សុខា បានអរគុណចំពោះរដ្ឋាភិបាលកាណាដា ដែលបានជួយនិងគាំទ្រដល់កិច្ចការនេះ។
លោកស្រីភារធារីបន្តថា “កាណាដានឹងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាព និងករណីរបស់ ឯកឧត្តម កឹម សុខា ជាពិសេស សវនាការ នៅពេលខាងមុខនេះ” ។
លោក កឹម សុខា ក៏បានស្វាគមន៍និងអបអរសាទរនូវការពង្រឹង និងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានា ដើម្បីបម្រើ ការពារ កសាងដែលជា ផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ៕