នយោបាយ

ព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ សន្ធិសញ្ញាព្រំដែនរដ្ឋកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ និង២០០៥

ភ្នំពេញ៖ ច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងថ្ងៃ១៨ វិច្ឆិកា ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយកនៅថ្ងៃ៥ ធ្នូ កន្លងមកនេះ។

ច្បាប់នេះ ត្រូវបានបក្សក្រៅរដ្ឋាភិបាល មួយចំនួនបានសម្តែងការមិនពេញចិត្តទេ ព្រោះពួកគេអះអាងថា មិនទាន់ដល់ពេល ដោយសារស្ថានភាពនយោបាយបាយ មិនទាន់មានការឯកភាពជាតិ និងក្នុងពេលដែលសភាជាតិ គ្រប់គ្រងដោយបក្សតែមួយ ។

ប៉ុន្តែបើតាមមន្រ្តីជំនាញ ព្រំដែនកម្ពុជាអះអាងថា សន្ធិសញ្ញានេះ មានគោលបំណង និងផលប្រយោជន៍ ដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាជនដែលបាននិងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបាន ស្ថិរភាពជីវភាពរបស់ប្រជាជន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់អភិវឌ្ឍន៍ សន្ដិភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។

សន្ធិសញ្ញានេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្ដ ដ៏មានសារសំខាន់បំផុត ក្នុងការទទួលយកសមិទ្ធផល ដែលប្រទេសទាំងពីរ សម្រេចបានរហូតមកដល់បច្ចុប្បន្ន មាន៨៤% ហើយក៏ជាឯកសារគ្រឹះ ការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវព្រំដែនមានសន្ដិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ដ របស់ប្រជាជនកម្ពុជា និងវៀតណាមតរៀងទៅផងដែរ ៕

To Top