នយោបាយ

ពេជ្រ ស្រស់៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ស្នើទិញរថយន្ដមិនមែនយក មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្នុងនាមជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានការពារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលបានស្នើរាជរដ្ឋាភិបាលទិញរថយន្ដ ។

លោកថា មូលហេតុនៃការស្នើសុំទិញ រថយន្តចំពោះថវិកានៅសល់សម្រាប់ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្មការងារ ជូនរដ្ឋតែប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យប្រើប្រាស់ ជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ ព្រោះកន្លងមកសមាជិកទាំងអស់ បានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចុះមូលដ្ឋាន ។

ថវិកាប្រចាំឆ្នាំ២០១៩ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មានចំនួន ១,៣១៨,៩២៥ដុល្លារ ចំណាយអស់ ៨៦៨,៩២៥ដុល្លារ និងនៅសល់ ៤៥០,១៩៣ដុល្លារ។

ក្នុងសន្និបាតបូកសរុបការងារ ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្នើសុំរាជរដ្ឋាភិបាលប្រើប្រាស់ថវិកានៅសល់ឆ្នាំ២០១៩ ក្នុងគោលបំណងទិញរថយន្តដើម្បីប្រើប្រាស់រួម នៅពេលចុះបេសកកម្ម ហើយរថយន្តទិញមកគឺជាទ្រព្យសម្បត្តិរដ្ឋ និងគ្រប់គ្រងដោយលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។

យោងតាមគេហទំព័រហ្វេសប៊ុកលោក ពេជ្រ ស្រស់ នៅថ្ងៃ២៧ ធ្នូនេះ បានឲ្យដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺជាយន្តការរបស់រដ្ឋដូច្នេះចាំបាច់ ត្រូវមានរថយន្តរបស់រដ្ឋដើម្បីសម្រួលដល់ការងារក្នុងយន្តការថ្មី។

លោកថា «ដូច្នេះការស្នើសុំនេះ គឺមិនមែនដើម្បីទិញរថយន្តឲ្យប្រតិភូគណបក្សណាមួយនោះឡើយ ម្យ៉ាងវិញទៀតបើសិនការស្នើសុំរបស់លេខាធិការដ្ឋាន ត្រូវបានសម្តេចតេជោ យល់ព្រម គឺថា ប្រើប្រាស់រថយន្តនេះ ក្នុងពេលបំពេញបេសកកម្មការងារជូនរដ្ឋតែប៉ុណ្ណោះ ហើយរថយន្តគឺត្រូវបានថែរក្សា ទុកដោយលេខាធិការដ្ឋាននៅទីកន្លែងរដ្ឋ ដោយមិនអនុញ្ញាតឲ្យប្រតិភូណាមួយ យកទៅប្រើប្រាស់ជាប្រយោជន៍ ផ្ទាល់ខ្លួននោះបានឡើយ» ។

ជាងនេះទៅទៀត លោក ពេជ្រ ស្រស់ បានអះអាងថា រហូតមកដល់ពេលសំណើរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងការទិញរថយន្ដមិនទាន់ទទួលបាន យល់ព្រមពីរាជរដ្ឋាភិបាលនៅឡើយទេ ដោយស្ថិតក្នុងសំណើប៉ុណ្ណោះ៕

ដោយ៖ អេង ប៊ូឆេង

To Top