នយោបាយ

មុត ចន្ថា ៖ លោក កឹម សុខា ជាអ្នកនយោបាយ អហិង្សានិយម និងសន្តិវិធីនិយម

ភ្នំពេញ ៖ នាយខុទ្ធកាល័យរបស់លោក កឹម សុខា គឺលោក មុត ចន្ថា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ មុននឹងតុលាការបន្តសវនាការលើកទី២ លើអង្គជំនុំជម្រះលោក កឹម សុខា បានលើកឡើងពីវីរៈភាពមេរបស់ខ្លួនថា គឺជាអ្នកនយោបាយអហិង្សានិយម និងសន្តិវិធីនិយម។

សវនាការលើកទី១ សម្រាប់ជំនុំជម្រះរឿងក្តីក្បត់ជាតិលោក កឹម សុខា បានធ្វើឡើងកាលថ្ងៃ១៥-១៦ មករា ហើយសវនាការលើក២ នឹងបន្តទៅថ្ងៃទី២២-២៣ មករា សប្តាហ៍នេះ ។ ក្នុងសវនាការលើកទី១ ធ្វើឡើងជាសាធារណៈ ក្នុងពេលនោះមានអង្គការ សង្គមស៊ីវិលជាតិ-អន្តរជាតិបានយកចិត្តទុកដាក់ តាមដានជាខ្លាំង។

ជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់ អង្គការ សហប្រជាជាតិ៣រូបដែលធ្វើ ពាក់ព័ន្ធផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានបង្ហាញពីអារម្មណ៍ សៅហ្មងចំពោះអង្គសវនាការ ផងដែរ ដោយពួកគេបានអំពាវនាវ​ ម្តងទៀតឲ្យផ្តល់ សិទ្ធិសេរី និងផ្តល់សិទ្ធិនយោបាយ ឡើងវិញឲ្យលោក កឹម សុខា។

លោក មុត ចន្ថា បានលើកឡើង ក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃ២០ មករា ថា “លោកប្រធាន កឹម សុខា ជាអ្នកនយោបាយអហិង្សានិយម និងសន្តិវិធីនិយម ដែលក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ លោកបានធ្វើការ ផ្សព្សផ្សាយ និងអប់រំប្រជាពលរដ្ឋខ្មែរឲ្យយល់ដឹងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីពួកគេអាចប្រើប្រាស់សិទ្ធិចូលរួម ក្នុងការបញ្ចេញមតិ និងលើកឡើងនូវអ្វីដែល ជាបញ្ហាផ្ទាល់ របស់ពួកគាត់ និងបញ្ហាសង្គមដែលជាការព្រួយបារម្ភ សំដៅស្វែងរក ដំណោះស្រាយដោយយុត្តិធម៌ និងសមធម៌ ផ្អែកតាម គោលការណ៍នីតិរដ្ឋ អហិង្សា ខ្មែរតែមួយ ផ្សះផ្សាជាតិ មិនយកខ្មែរណា ជាសត្រូវ និងមិនគុំកួនសងសឹកខ្មែរ” ។

បើតាម លោក មុត ចន្ថា លោកប្រធាន កឹម សុខា បញ្ចេញទស្សនអំពីការផ្សះផ្សាថា មានការលំបាកក្នុងការផ្សះផ្សា ពីព្រោះមនុស្សមាន ទស្សន មតិ ឥរិយាបទ អកប្បកិរិយា សម្តីវោហារមិនដូចគ្នាទេ ក៏ប៉ុន្តែ បើអ្នកប្រកាន់យកនូវគោលការណ៍ អហិង្សា គោរពសេចក្តីថ្លៃថ្នូរ មិនជេរប្រមាថ មិនចោទប្រកាន់ មួលបង្កាច់គ្នាដោយអយុត្តិធម៌ មិនបង្កើតឲ្យមានការឈឺចាប់ អាចអង្គុយនិយាយ ជាមួយគ្នាបាន នោះហើយទើបនាំមកនូវជោគជ័យ នៃការផ្សះផ្សា ឯកភាពជាតិ ដែលគ្រប់ប្រាថ្នាចង់បាន។

មនុស្សជំនិតលោក កឹម សុខា បង្ហាញទស្សនថា នៅតែមានជំនឿថា ខ្មែរមានពិសោធន៍គ្រប់គ្រាន់ ក្នុងការផ្សះផ្សាជាតិ ហើយអយុត្តិធម៌ នាំមកនូវការបែកបាក់ជាតិ ។ ចំណែលការផ្សះផ្សា នាំមកនូវអធិបតេយភាពជាតិ៕

To Top