នយោបាយ

លិខិតមិត្តអ្នកអាន៖ “សម រង្ស៊ី បន្តចំអកឲ្យ កឹម សុខា តែចង់លាងខ្លួន ក្រោយត្រូវព្រនង់រដ្ឋបរទេស!”

បន្ទាប់ពីបានប្រកាសក្តែងៗថា ខ្លួនជាមេក្លោងក្នុងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែនហើយបានបង្ហោះ រូបថតជាច្រើនសន្លឹក ដើម្បីជាភស្តុតាងដាក់បន្ទុកខ្លួនឯង និងដាក់បន្ទុកលើលោក កឹម សុខា ផងនោះ លោក សម រង្ស៊ី បានបន្តចំអក បញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតដោយអះអាង នៅថ្ងៃ ២៤មករានេះថា ខ្លួនសប្បាយចិត្តពេលដឹងថា មេធាវីរដ្ឋាភិបាល ប្រកាសយកភស្តុតាងទាំងនោះទៅប្រើ។

លោក សម រង្ស៊ី ដែលគេដឹងថា បានប្រឹងប្រែងប្រើប្រាស់គ្រប់វិធីនិងល្បិចកិច្ចកលដើម្បីសង្កត់ក លោក កឹម សុខា មិនឲ្យមានសេរីភាពឡើងវិញនោះ បានសរសេរក្នុងហ្វេសប៊ុក និងក្នុងធ្វីតធ័ររបស់ខ្លួនថា «ខ្ញុំត្រេកអរណាស់ដោយ បានទទួលព័ត៌មានថា លោក គី តិច មេធាវី រដ្ឋាភិបាលបានយល់ព្រមទទួលយក ឯកសារនិងរូបថតផ្សេងៗ ដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុកដើម្បីធ្វើជា ភស្តុតាងក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា…”។

សាររបស់លោក សម រង្ស៊ី នេះត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញ យ៉ាងច្បាស់ក្រឡែតថា គឺជាការចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតក្រោយពីខ្លួន បានប្រកាសផ្តល់ភស្តុតាងជាច្រើនដល់តុលាការពាក់ព័ន្ធនឹងការឃុបឃិតជាមួយ បរទេសក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ ខណៈដែលលោក កឹម សុខា កំពុងព្យាយាមដោះសារ បដិសេធម្តងហើយ ម្តង ទៀតថា មិនបានឃុបឃិតជាមួយបរទេស នោះឡើយ។

ទង្វើរបស់លោក សម រង្ស៊ី នេះបានទទួលប្រតិកម្មយ៉ាងខ្លាំងក្លា ពីភាគីអ្នកគាំទ្រលោក កឹម សុខា និងពីផ្ទៃក្នុងអ្នកគាំទ្រលោក សម រង្ស៊ី មួយចំនួនផងដែរ។ ពួកគេអះអាងថា សម រង្ស៊ី គ្មានការងារធ្វើនិងកំពុងដើរទាត់ខ្យល់ ហើយទំនងជាអផ្សុកពេកបែរជា និយាយរឿងបែបនេះ ចេញមកកើតក្នុងកាលៈទេសៈដែលលោក កឹម សុខា កំពុងតតាំងក្តីយ៉ាងតឹងតែងនៅឯតុលាការ។ សម រង្ស៊ី ធ្វើបែបនេះព្រោះតែខ្លាចគេភ្លេចឈ្មោះខ្លួនហើយនាំគ្នា និយាយតែពីឈ្មោះលោក កឹម សុខា។

ជាពិសេស គឺក្រោយពេលមេធាវី រដ្ឋាភិបាលលោក គី តិច បានប្រកាសអរគុណលោកសម រង្ស៊ី ដែលបាន បង្ហាញភស្តុតាងដើម្បីដាក់បន្ទុកលើលោក កឹម សុខា និងលើខ្លួនឯងផង នោះ ប្រតិកម្មពីផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ កាន់តែកើតឡើងយ៉ាងខ្លាំងក្លា។ ពួកគេអាក់អន់ចិត្ត ខឹងសម្បារ និងស្តីបន្ទោសលោក សម រង្ស៊ី យ៉ាងខ្លាំងចំពោះទង្វើបែបអសីលធម៌ ទ្រូសមិត្ត ដោយខុសបែបបទជាមួយលោក កឹម សុខា។

លើសពីនេះ ប្រភពស្និទ្ធនឹងសម រង្ស៊ី បានខ្សឹបប្រាប់ថា លោក សម រង្ស៊ី ក៏ទទួលបានការព្រមានខ្លាំងៗដោយការមិន សប្បាយចិត្តពីរដ្ឋាភិបាល បរទេសដែលគាត់បាន បង្ហាញក្នុងរូបថតផងដែរពីព្រោះរដ្ឋាភិបាល បរទេសទាំងនោះកំពុងព្យាយាម បង្កើតទំនាក់ទំនងល្អជាមួយកម្ពុជា ដោយពួកគេមិនចង់ឲ្យឈ្មោះមេដឹកនាំ ឬប្រទេសរបស់គេមានជាប់ប្រឡូកប្រឡាក់ ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ ហេតុនេះហើយបានជាក្នុងសវនាការ ទាំងតុលាការ និងមេធាវីការពារក្តី បានស្នើសុំមិនប្រើឈ្មោះប្រទេសចំៗ នោះទេ តែត្រូវប្រើជាអក្សរតាង ដើម្បីចៀសវាងការប៉ះពាល់។

ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយមិនសូវ យល់ពីការទូត និងខ្សោយខាងយុទ្ធសាស្ត្រ បែរជា ប្រកាសជាចំហរហើយថែមទាំងបានបង្ហោះ ទាំង រូបថតមេដឹកនាំបរទេសជាច្រើនដោយបញ្ជាក់ថា អ្នកទាំងនោះជាអ្នកជួយ ជ្រោមជ្រែងក្នុងការធ្វើឲ្យមានការផ្តួលរំលំប្តូររបប នៅកម្ពុជាទៅវិញ។

នេះគឺជាហេតុផលដែលរដ្ឋាភិបាលបរទេស ទាំងនោះសម្តែងការ
មិនសប្បាយចិត្តនិងហួសចិត្តមិននឹកស្មានថា សម រង្ស៊ី ឆោតល្ងង់ដល់ម្លឹងសោះ។ ប្រទេសទាំងនោះបានព្រមានលោក សម រង្ស៊ី យ៉ាងធ្ងន់ធ្ងរ។

ដោយសារបញ្ហានេះ ហើយបានជាក្នុងសារ លើកក្រោយនេះ សម រង្ស៊ី ហាក់ដូចជាចង់លាងខ្លួនវិញ ដោយចង់កាឡៃ សាច់រឿងថា នោះគ្រាន់តែជាជំនួបធម្មតាជាមួយ បរទេសតែប៉ុណ្ណោះដែលគេមិនអាចយកទៅធ្វើភស្តុតាងបានទេ។

ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា សារដែលខ្លួនសរសេរក្នុងហ្វេសប៊ុក
ផេកផ្លូវការនិងការ និយាយសារភាពតាមវិទ្យុអាស៊ីសេរី កន្លងទៅវាមានលក្ខណៈធ្ងន់ធ្ងរ និងផ្តល់បច្ច័យអាក្រក់យ៉ាងណា ដល់លោក កឹម សុខា រហូតដល់មេធាវី រដ្ឋាភិបាលប្រកាសអរគុណថែមទៀត បែបនេះ។

យោងតាមសារទាំងនោះ លោក សម រង្ស៊ី មិនអាច លាងខ្លួនបានឡើយទោះជាខំសរសេរថាការ និយាយបែបនេះគ្រាន់តែចង់ឌឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដោយពីព្រោះក្នុងតុលាការ អ្វីដែលសំខាន់បំផុតនោះគឺ ភស្តុតាង និងសាក្សី។

ពេលនេះ ខ្ញុំយល់ថា លោក សម រង្ស៊ី កំពុងធ្ងន់កមែនទែនហើយពីព្រោះទាំងលោក កឹម សុខា និងអ្នកគាំទ្រកឹម សុខា ក៏មិនសប្បាយចិត្ត ទាំងអ្នកគាំទ្រ សម រង្ស៊ី ខ្លួនឯងក៏បញ្ចេញប្រតិកម្មស្តីបន្ទោស និងលើសពីនេះ លោក សម រង្ស៊ី ក៏ត្រូវព្រនង់យ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលបរទេសដែលខ្លួន ធ្លាប់ចាត់ទុកជាទីពឹងបង្អែក។ សូមកុំភ្លេចថា ពាក្យពេចន៍របស់លោក សម រង្ស៊ី ត្រូវបានគេថតចម្លងទុកអស់ហើយទោះចង់កែក៏កែមិនបាន ដែរ។

ទោះយ៉ាងណាក ដើម្បីផលប្រយោជន៍ នយោបាយខ្លួនឯង លោក សម រង្ស៊ី នឹងនៅតែបន្តឆ្លៀតចំអកបញ្ឈឺចិត្តលោក កឹម សុខា ដោយគ្មានញញើតកោតក្រែងដដែល។ ក្រៅពីចេតនា ចង់រឹតចំណងលោកកឹម សុខា មិនឲ្យរើខ្លួនរួច លោក សម រង្ស៊ី ក៏មានបំណងមួយទៀត ដែរនោះគឺ ធ្វើឲ្យលោក កឹម សុខា ឈឺចិត្ត គ្រាំគ្រា រហូតទ្រាំលែងបានហើយប្រកាសបែកផ្លូវពីសម រង្ស៊ី ដោយខ្លួនឯងដើម្បីយកលេសចោទលោក កឹម សុខា ថា«ក្បត់ឆន្ទៈរាស្ត្រ» ហើយ កេងចំណេញខាងនយោបាយឲ្យខ្លួនឯង។

ចេតនានេះត្រូវបានក្រុម លោក កឹម សុខា បានដឹង ហើយវាក៏បានក្លាយជា សម្ពាធផ្លូវអារម្មណ៍ យ៉ាងធ្ងន់ធ្ងរសម្រាប់ភាគី លោក កឹម សុខា ដែល មិនដឹងថាអាចទ្រាំគ្រាំ ចិត្តដល់ពេលណាឡើយ។

សរុបមកវិញ សម រង្ស៊ី ពេលនេះក្លាយជាមនុស្សគ្រប់គ្រងខ្លួនឯងលែងបានហើយ ដោយសារបានដឹងខ្លួនឯង យ៉ាងច្បាស់ថា ឈ្មោះរបស់គាត់ត្រូវបានគេ បំភ្លេចចោលទាំងស្រុងចាប់តាំងពីថ្ងៃទី៩ វិច្ឆិកា ២០១៩ មក។

ដូច្នេះ ដើម្បីកុំឲ្យគេ ភ្លេចឈ្មោះខ្លួន ជំរើស របស់លោក សម រង្ស៊ី
មាននៅសល់តែមួយគត់ គឺការដាក់បន្ទុកបន្ថែមលើ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខាទោះជាត្រូវយកប្រទេស ធំៗជាច្រើនមកពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ របស់ខ្លួនក៏ដោយដែលជាកំហុសឆ្គងខាងនយោបាយ យ៉ាងធ្ងន់ធ្ងរក៏ដោយ ។ នេះជាហេតុផលដែល លោក សម រង្ស៊ី មិនបោះបង់ចេតនាអាក្រក់ នេះចោលជាដាច់ខាតក្នុងការ ដាក់បន្ទុកលើលោក កឹម សុខា ពីព្រោះ សម រង្ស៊ី និង កឹម សុខា គឺ “មានតែមួយ” ប៉ុណ្ណោះ៕

ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ

To Top