នយោបាយ

Full Story៖ នាយករដ្ឋមន្ត្រី៖ ខ្ញុំមិនសម្រេចចិត្ត តាមប្រទេសណាមួយទេ ហើយក៏មិនធ្វើអ្វី នាំឲ្យខូចប្រយោជន៍ជាតិ និងពលរដ្ឋកម្ពុជាដែរ (វីដេអូ)

នាយករដ្ឋមន្ត្រី៖ ខ្ញុំមិនសម្រេចចិត្ត តាមប្រទេសណាមួយទេ

នាយករដ្ឋមន្ត្រី៖ ខ្ញុំមិនសម្រេចចិត្ត តាមប្រទេសណាមួយទេ ហើយក៏មិនធ្វើអ្វី នាំឲ្យខូចប្រយោជន៍ជាតិ និងពលរដ្ឋកម្ពុជាដែរhttps://www.dap-news.com/politic/2020/01/31/29529/

Posted by Dap_News_Website on Friday, January 31, 2020

ភ្នំពេញ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាថា សម្ដេចមិនដែលធ្វើសេចក្ដីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយទេ ហើយជាពិសេស ក៏មិនធ្វើអ្វីនាំឲ្យខូចផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាដែរ ។

ការអះអាងរបស់សម្តេចតេជោនេះ ខណៈសហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បើសិនរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ។

ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣១ មករា សម្ដេចតេជោមានប្រសាសន៍ថា ថ្មីៗនេះ បានឃើញភាពអន្តរាយនានា កើតឡើងក្រោយការជ្រៀតជ្រែក របស់មហាអំណាចធំៗ ក្នុងនាមនៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអធិបតេយ្យដូចគ្នា ដែលតូចនិងខ្សោយជាង នៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។

សម្ដេចបន្តថា នយោបាយដាក់ទណ្ឌកម្ម ដែលការពិតជានយោបាយប្រទេសធំ សង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ ជាពិសេសនៅពេលពួកគេ អនុវត្តនយោបាយក្នុងនាមគុណតំលៃ និងគោលការណ៍ដែលប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណា ដែលអំណោយផលឲ្យគេ។

សម្ដេចតេជោគូសបញ្ជាក់ថា ចំពោះកម្ពុជាវិញ សហគមន៍អន្តរជាតិ គប្បីជួយឲ្យបានខ្លាំងឡើង ជាជាងបំបែកបំបាក់បន្ទុចបង្អាក់ ឲ្យចុះខ្សោយតាមវិធានការ ដែលនឹងអាចក្លាយជាកំហុស លើកទី៣របស់ខ្លួន។

សម្ដេចបន្ថែមថា ពាក្យស្លោក “អរគុណសន្តិភាព” ដែលបានបំផុសដើម្បីអបអរឆ្នាំថ្មី ត្រូវបានទទួលស្វាគមន៍ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងក្លាយទៅជាចលនាដ៏ធំមួយក្នុងទូទាំងប្រទេស។ កម្ពុជានឹងរក្សានិងប្រើប្រាស់ សិទ្ធិអធិបតេយ្យរបស់ខ្លួន ក្នុងការជ្រើសរើសវិធី និងមធ្យោបាយ ដែលសមស្របបំផុត ដើម្បីការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ស្នូលរបស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។

សម្ដេចតេជោបញ្ជាក់ថា «ជាការពិត ការធ្វើមិត្តជាមួយគ្រប់គ្នា ងាយនិយាយជាងធ្វើឆ្ងាយណាស់។ ជាពិសេសចំពោះប្រទេសតូចដូចកម្ពុជា ដែលសម្ពាធពីខាងក្រៅ តែងបង្ខំឲ្យយើងជ្រើសរើសមិត្ត ឬក៏ឲ្យយើងធ្វើជាមិត្តជាមួយប្រទេសនេះ និងយកប្រទេសផ្សេងជាសត្រូវ។ ក៏ប៉ុន្តែ ទោះធ្វើមិត្តជាមួយនរណាក៏ដោយ ក៏មិនមានន័យថា កម្ពុជាបោះបង់ចោលឯករាជ្យ និងអធិបតេយ្យខ្លួននោះទេ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ។ ខ្ញុំមិនធ្វើអ្វីដែល នឹងនាំឲ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ» ។

សម្ដេចតេជោថ្លែងថា សម្ដេចគឺជាតួអង្គមួយក្នុងចំណោមតួអង្គ ដែលបានឆ្លងកាត់ការលំបាកបំផុត ក្នុងរយៈពេល៤១ឆ្នាំ ។ បញ្ហានេះសម្ដេចសង្កត់ធ្ងន់ថា «ដូច្នេះខ្ញុំនៅតែបន្តនិយាយថា មិនត្រូវឲ្យអ្នកណា មកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយការអនុគ្រោះ ឬជំនួយណាទាំងអស់…គ្មានតម្លៃទេហើយវាថោកទាបផង ប្រសិនបើច្បាប់របស់យើង មិនអាចអនុវត្តបាន ហើយតម្រូវឲ្យធ្វើទៅតាម ការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ?» ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណប្រទេសជាមិត្តនានា បានផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អ ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការផ្តល់បាឋកថា ចែករំលែកចំណេះដឹង និងទស្សនទាននានា។

ពាក់ព័ន្ធសំណើលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពីលទ្ធភាពបើកស្ថានទូតថ្មីពីរកន្លែងទៀត នៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន សម្ដេចតេជោ បានយល់ស្របបង្កើតមួយ បើកនៅអាហ្វ្រិលខាងត្បូង និងមួយទៀតអាចបើកនៅប្រេស៊ីល ។ សម្ដេចថា ចំណុចនេះគួរពិនិត្យលទ្ធភាព នៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ។

ទាក់ទិននឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ខាងមុខ សម្ដេចមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងការទូតធំបំផុតសម្រាប់កម្ពុជា។ ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់កម្ពុជា បញ្ជាក់ក្នុងកំរិតខ្ពស់បំផុត នូវការប្តេជ្ញារបស់ខ្លួន ចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែង របស់ពិភពលោក ក្នុងការដោះស្រាយការប្រឈមជាសកល និងការចូលរួមស្វែងរកកាលានុវត្តភាព ក្នុងការធ្វើឱ្យប្រសើរ នូវសេដ្ឋកិច្ចពិភពលោក ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ប្រកាសជាផ្លូវការ នូវការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦-១៧ វិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ៕ ដោយ៖ ខា ដា

To Top