នយោបាយ

សម្ដេច ស ខេង ចូលរួមវេទិកាលើកទី៣ ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិងកំពុងអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាលើកទី៣ស្ដីពីភាពជា ដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

វេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ ដោយឡែក ក្នុងឆ្នាំ២០១៩ រដ្ឋបាលរាជធានី-ខេត្តទាំងអស់ បានរៀបចំវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលរាជធានី-ខេត្ត ជាមួយអង្គការដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច របស់ខ្លួនបានចំនួន២លើក ដើម្បីធ្វើការដោះស្រាយ សំណើ សំណូមពរ និងកង្វល់របស់អង្គការ។

ផ្អែកលើមូលដ្ឋានខាងលើ ក្រសួងមហាផ្ទៃពិនិត្យឃើញថា ជារួមការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋាន មានភាពល្អប្រសើរជាធម្មតាមិនមានការរឹតត្បិត ក្នុងការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិលជាដុំកំភួនឡើយ ។ 

ជាក់ស្តែង ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៩កន្លងមក ក្រសួងមហាផ្ទៃ តាមរយៈយន្តការក្រុមការងារ អន្តរក្រសួងដើម្បីដោះស្រាយសំណើ សំណូមពររបស់អង្គការសង្គមស៊ីវិល បានទទួលសេចក្តីរាយការណ៍ចំនួនតែ២ករណីប៉ុណ្ណោះ គឺនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការរារាំងសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕ ដោយ អេង ប៊ូឆេង

To Top