នយោបាយ

លោក សុខ ឥសាន ហៅក្រុមត្រៀម ធ្វើបាតុកម្មរឿង EBA ជាចេតនាទុច្ចរិតប្រឆាំង

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់ អំណាចលោក សុខ ឥសាន បានឆ្លើយតប និងហៅក្រុមមេសហជីពដែល ត្រៀម ធ្វើបាតុកម្មក្នុង ករណីបាត់បង់ប្រព័ន្ធអនុគ្រោះ ពន្ធគ្រប់ប្រភេទ(EBA) គឺជាចេតនាទុច្ចរិត របស់មជ្ឈដ្ឋានឆាំង រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការផ្សព្វផ្សាយ ពីគេហទំព័រ របស់គណៈកម្មាធិការអឺរ៉ុប(EU) គឺនឹងសម្រេច ពីរឿងផ្តាច់ EBA ចេញពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះហើយ។

ប្រធានសហភាព សហជីពកម្ពុជា លោក រ៉ុង ឈុន ដែលមានគម្រោង ដឹកនាំបាតុកម្មរឿង EBA បានអះអាងថា នឹងមិនបោះបង់ចោលគម្រោងធ្វើបាតុកម្មដើម្បីរក្សា ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ទោះជាមានការគំរាមបង្ក្រាប ពីសំណាក់មេប៉ូលិសកម្ពុជា យ៉ាងណា ក៏ដោយ ព្រោះការអនុគ្រោះពន្ធ EBA ផ្តល់ប្រយោជន៍ ធំធេងដល់ប្រជាពលរដ្ឋខ្មែរ ដូច្នេះការទាមទារ ឲ្យរដ្ឋាភិបាលខិតខំរក្សាឋានៈអនុគ្រោះពន្ធនេះ គឺជារឿងត្រឹមត្រូវ។

លោក រ៉ុង ឈុន អះអាងទៀតថា លោកមិនខ្លាចការគំរាមរបស់ សមត្ថកិច្ចរឿងបង្ក្រាបបាតុកម្មឡើយ ព្រោះការទាមទារនេះ ស្របទៅតាមច្បាប់ជាតិ-អន្តរជាតិ ហើយធ្វើឡើង ដើម្បីផលប្រយោជន៍កម្មករ។ លោក បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនចង់ឲ្យកម្មករផ្ទុះ ការតវ៉ានោះទេ ត្រូវខិតខំធ្វើយ៉ាង ណារក្សា បានប្រព័ន្ធអនុគ្រោះពន្ធ EBA បន្តទៅទៀត។ នេះបើតាម ការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី ។

លោក សុខ ឥសាន បានលើកឡើង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា មិនទាន់មានបាត់ EBA ផង ក្រុមឧទ្ទាម ក្រៅច្បាប់ត្រៀម ធ្វើបាតុកម្មទៅហើយ ។

លោកថា “តើជាចេតនាអ្វី ? គឺជាចេតនាទុច្ចរិតរបស់ មជ្ឈដ្ឋានឆាំង ។ EBA មិនទាន់បាត់បង់ផលវិបាកមិនទាន់មាន តែពួកគេត្រៀម ទុកជាមុននឹង ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា។ តើការធ្វើបាតុកម្មផ្តល់ផលប្រយោជន៍ អ្វីទៅ?”។

លោកបន្តថា គណៈកម្មាធិការអឺរ៉ុប នឹងសម្រេចផ្តាច់ EBA ពីកម្ពុជានៅថ្ងៃ១២ កុម្ភៈ តែក្រោយការសម្រេចនេះ ៦ខែទើបចូលជាធរ មានអនុវត្តន៍ ។ ដល់ពេលចូលជាធរ មានគេនៅមិនទាន់ដឹងតើនឹងមានផលប៉ះពាល់អ្វីកើតឡើង នៅឡើយទេ។ តើជនមួយចំនួន ហ៊ាននិយាយថា ប៉ះពាល់អញ្ចេះអញ្ចុះទៅបាន ? មានន័យថា ពួកគេចេះតែនិយាយស្មានៗ ៕

To Top