នយោបាយ

រាជរដ្ឋាភិបាល នៅតែបន្ដកិច្ចសហប្រតិបត្តិការល្អ ជាមួយ EU ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ២០% លើទំនិញកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយ សហគមន៍អឺរ៉ុប (EU) ដោយឈរលើ មូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងច្បាប់ទោះបី EU ផ្ដាច់ ប្រព័ន្ធ អនុគ្រោះ ពន្ធ ២០%ពីកម្ពុជាក៏ដោយ។

សូមរំលឹកថា ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ខណៈ ទំនិញ ៨០%ទៀតត្រូវបានរួចពន្ធដដែល។

លោក សុខ ឥសាន បានសរសេរសារក្នុងតេឡេក្រាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ថា កុំយល់ច្រឡំ ការដាក់វិន័យលើទំនិញកម្ពុជា ជាង១០០០លានដុល្លារ គឺជាការយកពន្ធលើទំនិញកម្ពុជា ដែលមានទំហំទឹកប្រាក់ ១០០០លានដុល្លារ ស្មើនឹងពន្ធប្រមាណ ១០០លានដុល្លារ ក្នុង១ឆ្នាំ។ ការយកពន្ធទំនិញ២០% មិនមែនមានន័យថា បាត់ទំនិញ២០% សម្រាប់នាំចេញទេ គ្រាន់តែបង់ពន្ធប៉ុណ្ណោះ។

លោកបន្ដថា ការយកពន្ធលើទំនិញ២០% នឹងចូលជាធរមាន៦ខែទៀត ហេតុអីនិយាយ ពីផលប៉ះពាល់ភ្លាមៗទៅហើយ ? មិនជាការនិយាយបំភិតបំភ័យកម្មករទេឬ? លោកថា «រាជរដ្ឋាភិបាលមានគោលជំហរ បន្តសហប្រតិបត្តិការជាមួយ សហគមន៍អឺរ៉ុប បន្តធ្វើទំនាក់ទំនងល្អ ជាមួយសហគមន៍អឺរ៉ុប ដោយឈរលើមូលដ្ឋាន គោរពឯករាជ្យអធិបតេយ្យភាព និងច្បាប់កម្ពុជា»៕ ដោយ៖ អេង ប៊ូ ឆេង

To Top